អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ប្រវត្ត នៃជម្លោះគ្មានទីបញ្ចប់រវាងអុីស្រាអែល-ប៉ាឡេស្ទីន - Read News TV

ប្រវត្ត នៃជម្លោះគ្មានទីបញ្ចប់រវាងអុីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែល និងក្រុមហាម៉ាស បានជាប់គាំងក្នុងវដ្តជម្លោះហិង្សាថ្មីមួយទៀត  បន្ទាប់ពីការវា​យប្រ​ហា​រ​​ដ៏​ធំគួរឱ្យ​ភ្ញាក់ផ្អើលកាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ដែលរួម​មានទាំងការវា​យប្រហារតា​មអា​​កា​​ស​​​ តា​​មផ្លូវទឹក និងបញ្ជូនខ្មាន់កាំភ្លើងទំលុះចូលតាមច្រកព្រំដែន ខណៈ​ការវា​យឆ្មក់នេះផ្តួ​ចផ្តើមដោ​យ​​ក្រុ​​ម​ប៉ា​ឡេ​ស្ទីននៅតំបន់កាហ្សា។ នេះជាព្រឹត្តិការណ៍លុកលុយដ៏ធំបំផុត​ចូលទៅក្នុងប្រទេសអ៊ី​​ស្រា​​​អែ​ល​ក្នុ​ងរ​យៈ​ពេល​ជាច្រើនទសវត្សរ៍មក។ ត្បិ​តមិនមែ​ន​ជារឿងថ្មីនៃជម្លោះរវាងប្រជាជាតិទាំងពីរ ប៉ុន្តែតើជម្លោះនេះមានចាប់តាំងពីពេលណា? ហើ​យកើត​ឡើងរបៀបណា?

*សាវតានៃជម្លោះរវាងប្រជាជាតិទាំងពីរ

បន្ទាប់ពីចក្រភពអូតូម៉ង់បានចាញ់នៅក្នុងសង្គ្រាមលោកលើកទី១ (១៩១៤-១៩១៨) ចក្រភពអង់គ្លេ​សបា​ន​គ្រ​​ប់​គ្រ​​​ង​លើទឹកដីកាហ្សាដែលមានជនជាតិភាគតិចជ្វីហ្វនិងជនជាតិអារ៉ាប់រស់នៅភាគច្រើន។ ស​ហ​គ​​ម​ន៍​អ​ន្ត​រ​ជាតិបានប្រគល់ភារកិច្ចឱ្យអង់គ្លេសជាអ្នកបង្កើតទឹកដីកំណើតជនជាតិជ្វីហ្វនៅប៉ាឡេស្ទីន ដែ​លជា​ស​​​ក​ម្ម​ភាពមួយបានបង្កើនភាពតានតឹងរវាងក្រុមទាំងពីរ។ នៅទសវត្សរ៍ឆ្នាំ ១៩២០ និងឆ្នាំ ១៩៤០ ចំនួនជនអ​ន្តោ​ប្រ​វេ​​​​ស​ន៍ជ្វីហ្វទៅកាន់ប៉ាឡេស្ទីនបានកើនឡើងយ៉ាងខ្លាំង។ នៅឆ្នាំ ១៩៤៧ អង្គ​កា​​រ​​ស​ហ​ប្រជាជាតិបានបោះឆ្នោតបែងចែកចេញជារដ្ឋជ្វីហ្វ និងអារ៉ាប់ ដាច់ដោយឡែ​ក​​ ខណៈទី​​​ក្រុង​ហ្សេ​រុយ​​​សាឡឹមស្ថិតនៅក្រោមការគ្រប់គ្រងរបស់អន្តរជាតិ។

ដោយមានភាពចម្រូងចម្រាស់នៅឆ្នាំ ១៩៤៨ អង់គ្លេសបានដកខ្លួនចេញ ហើយមេដឹកនាំជ្វីហ្វបា​នប្រកា​ស​អំ​​​ពី​ការ​បង្កើតរ​ដ្ឋអ៊ីស្រាអែល។ ប្រជាជនប៉ាឡេស្ទីនជាច្រើ​នបាន​ជំទាស់កា​របង្កើតរ​ដ្ឋនេះ ហើយ​ស​​ង្រ្គា​​ម​អា​​​រ៉ាប់​-អ៊ី​ស្រាអែលដំបូងបានចាប់ផ្តើម។ យោធា​​អេហ្ស៊ី​បចាប់ផ្តើមគ្រប់គ្រងតំបន់កាហ្សាពី​​ឆ្នាំ១​៩​៤​៩ ដ​ល់​​ឆ្នាំ​​ ១៩៦៧ ។ ក្រោយមកក្នុងសង្គ្រាមរយៈពេល៦ថ្ងៃ អ៊ីស្រា​អែលបានដណ្តើមយកតំបន់កា​​ហ្សា​មកកា​ន់កាប់​​​វិ​ញ។

*ក្រុមហាម៉ាសជានរណា?

ហាម៉ាស គឺជាក្រុមអ៊ីស្លាមនិកាយស៊ុននីនិយម។ ក្រុមហាម៉ាស ដែលជាចលនាតស៊ូអ៊ីស្លាម (Harakat al-Muqawama al-Islamiya) គឺជាក្រុមនយោបាយ​មានសមត្ថ​ភាព​យោធាត្រូវបា​នប​ង្កើ​​​ត​​ឡើង​ដោយ​លោ​ក Sheikh Ahmed Yassin អ្នកនយោបាយនិងជាបព្វជិតប៉ាឡេស្ទីន និង​ជាបក្ស​ពួ​កជា​មួ​យ​បង​ប្អូន​មូស្លី​ម (​Mu​slim Brotherhood) ដែលជាអង្គការ​អ៊ីស្លាមនិកាយស៊ុននីឆ្លងដែ​​នបង្កើ​ត​ឡើ​ង​​ដោ​យអ្ន​កប្រា​ជ្ញ​អ៊ី​​ស្លាម​​ នៅ​អេហ្ស៊ីបនិងមានការគាំ​​ទ្រ​ពី​អ៊ីរ៉ង់ ។

នៅខែធ្នូ ឆ្នាំ ១៩៨៧ ក្រុមហាម៉ាស ដែលរស់នៅក្នុងតំបន់ West Bank និងកាហ្សា ចាប់ផ្តើមធ្វើ​ចល​នា​បះ​បោរ​ប៉ាឡេស្ទីន ជាលើកដំបូងប្រឆាំងអ៊ីស្រាអែល។ ចល​នា​បះ​បោរនេះតស៊ូដើម្បីបញ្ចប់ការ​កា​ន់​កា​ប់​រប​​ស់​​អ៊ីស្រា​អែលលើទឹកដីប៉ាឡេស្ទីន និងការបង្កើតរដ្ឋអ៊ីស្លាម។

នៅឆ្នាំ ១៩៩៣ ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Yasser Arafat បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអូស្លូo​ ជាមួយអ៊ីស្រាអែល ហើយបានប្តេជ្ញាចិត្តក្នុងការចរចាបញ្ចប់ជម្លោះ។ ក្រុម​ហាម៉ាស់​ដែល​ប្រឆាំង​នឹ​ង​កិ​ច្ច​​​ព្រម​ព្រៀង​នេះបាន​បើក​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល។ ​កា​​​ល​​នោះ​អតីតនា​​យ​ក​រ​ដ្ឋ​មន្ត្រីអ៊ីស្រាអែលលោក Shimon Peres បាន​និយាយថាលោ​កនឹងធ្វើស​ង្រ្គាម​ឥ​ត​​ឈ​ប់ឈរ​ប្រឆាំ​ង​នឹ​ង​ក្រុមហាម៉ាស។​

នៅប្រហែលមួយឆ្នាំបន្ទាប់ពីការស្លាប់របស់មេដឹកនាំប៉ាឡេស្ទីន លោក Yasir Arafat ដែ​ល​ជា​សហ​ស្ថា​ប​​និ​កអង្គការយោធាប៉ារ៉ាចលនារំដោះជាតិប៉ាឡេស្ទីននៃក្រុមហាម៉ាស បាន​ឈ្នះការ​បោះ​​ឆ្នោតស​ភាប៉ា​ឡេ​ស្ទីន។ ក្រោយ​មកនៅឆ្នាំ ២០០៧ មានតែក្រុម​ហាម៉ាស​តែមួយគត់ដែលកាន់កាប់​តំបន់​កា​​​ហ្សា ។ ចាប់តាំងពីពេលនោះមកអ៊ីស្រាអែល និងប៉ាឡេស្ទីនបានប៉ះទង្គិចគ្នាជាច្រើនសិបដង ខ្លះមាន​ទាំងជ​ម្លោះ​​ទ្រង់ទ្រាយតូច ខ្លះបង្កជាគ្រោះមហន្តរាយធំដែលនាំឱ្យមនុស្សរាប់ពាន់នាក់ស្លាប់។

*ជីវិតជនជាតិប៉ាឡេស្ទីននៅតំបន់កាហ្សា

កាហ្សាស្ទ្រីប ដែលជាតំបន់ឆ្នេរដ៏តូចមួយ ដែលជាជម្រករបស់ប្រជាជនប៉ាឡេស្ទីនប្រហែល ២.៣ លាននាក់ ហើយត្រូវបានកាន់កាប់ដោយក្រុមហាម៉ាស។ អ៊ីស្រាអែល​បានចាត់វិធានការបិទផ្លូវ​យ៉ាង​តឹង​រ៉ឹ​ង​​លើ​​តំបន់​កាហ្សា ដោយ​រឹតត្បិត​លើ​លំហូរ​ទំនិញពាណិជ្ជកម្ម ដែលធ្វើឱ្យសេដ្ឋកិ​ច្ចនៅតំបន់​នេះ​វេទ​នា​បំផុ​​ត​។ សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន ជីវិត​នៅតំបន់​កាហ្សា​គឺ​លំបាក ខណៈ​អត្រា​គ្មាន​ការងារ​ធ្វើមាន​ប្រហែ​​ល​៥០ភាគរយ ហើយហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​សុខាភិបាល​កាន់តែ​យ៉ាប់យ៉ឺន នឹងត្រូវពឹង​ផ្អែក​លើ​រដ្ឋាភិបាលអ៊ីស្រាអែលដែលប្រកាន់ជាតិនិយមផង។ ប្រជាជនប៉ាឡេស្ទីននៅតំបន់កាហ្សា និងតំបន់ We​st Bank ត្អូញត្អែរពីការរងទុក្ខដោយសារសកម្មភាពរបស់អ៊ីស្រាអែល ដូចជាការបិទព្រំដែនកាហ្សា កា​រសាងសង់របាំងWest Bank និងការបំផ្លិចបំផ្លាញផ្ទះរបស់ជនជាតិប៉ាឡេស្ទីនជាដើម។

*ហេតុអ្វីបាន​ជា​អ្នកទោស​ប៉ាឡេស្ទីន​​ជាប់ឃុំក្នុង​គុក​អ៊ីស្រាអែលច្រើន​ម្ល៉េះ?

មនុស្សជាច្រើនបានជជែកវែកញែកថា តំបន់កាហ្សាទាំងមូលគឺជាគុកគ្មាន​ជញ្ជាំងនៃប្រជាជនប៉ាឡេស្ទី​នទាំង ២​.៣ លា​ននាក់ ដែលត្រូវបានរាំងខ្ទប់ដោយអ៊ីស្រាអែល។ ប៉ុន្តែមែនទែនទៅ ​ចំនួន​ជនជាតិ​ប៉ាឡេ​ស្ទី​នជា​ប់ក្នុង​គុក​អ៊ីស្រាអែល​ក៏​មាន​ចំនួនច្រើនប្រហែល​គ្នានេះ​ដែរ។ អង្គការសហប្រ​ជាជាតិបានរាយការ​ណ៍​ថា​ ចាប់​តាំងពីឆ្នាំ ១៩៦៧ នៅពេលដែលអ៊ីស្រាអែលកាន់កាប់ក្រុងហ្សេរុយសាឡឹមខាងកើត តំបន់កា​​​ហ្សា និ​ងតំបន់West Bank អ៊ីស្រាអែលបានចាប់ខ្លួនជនជាតិប៉ាឡេស្ទីនប្រមាណមួយលាននាក់។ រដ្ឋា​ភិបា​លអ៊ីស្រាអែលបានចេញបញ្ជាយោធារាប់រយ និងដាក់ឱ្យអនុវត្តដើម្បីទប់ស្កា​ត់រាល់កា​រប​ញ្ចេញមតិ និ​ងការធ្វើន​យោបាយរបស់ពលរដ្ឋប៉ាឡេស្ទីន។

មានពន្ធនាគារចំនួន១៩ នៅក្នុងប្រទេសអ៊ីស្រាអែល និងមួយនៅខាងក្នុងតំបន់ West Bank ដែល​ដា​ក់អ្ន​កទោ​សប៉ាឡេស្ទីន។ មានអ្នកជាប់ឃុំរដ្ឋបាលប៉ាឡេស្ទីនចំនួន ១,២៦៤ នាក់ ដែលត្រូ​វបាន​ឃុំខ្លួ​ន​ដោ​​​យ​គ្មា​ន​វេ​លា​​​កំ​ណ​ត់ ជាការឃុំឃាំងដោយមិនប្រឈមមុខនឹងកា​រកាត់ក្តីឬកា​រចោទប្រកាន់​ណាមួ​យ​ឡើ​​យ។

*ភាពប្រទាញប្រទង់ឥតឈប់ឈរជុំវិញវិហារអ៊ីស្លាម អាល់ អាក្សសា (Al-Aqsa)

មន្ត្រីក្រុមហាម៉ាសបានលើកឡើងពីភាពតានតឹងជាយូរមកហើយជុំវិញវិហារអ៊ីស្លាម អាល់ អាក្សសា ស​ម្រា​ប់​ទាំងអ្នកកាន់សាសនាឥស្លាម និងជនជាតិជ្វីហ្វ។ ប៉ូលីសអ៊ីស្រាអែលបានវាយឆ្មក់វិហារ អាល់ អាក្ស​សា ​ក្នុង​ទី​ក្រុងហ្សេរុយសាឡឹម ដែលជាកន្លែងដ៏ពិសិដ្ឋបំផុតទី ៣ ក្នុងសាសនាឥស្លាម។ កា​រទា​ម​ទារលើ​ទី​តាំ​ង​​សា​​ស​នា​មួយនេះបានបង្កជាអំពើហិង្សាពីដ៏បង្ហូរឈាមរយៈពេល ១១ ថ្ងៃរវាងអ៊ីស្រាអែល និង​ក្រុមហា​ម៉ា​សនៅឆ្នាំ ២០២១  ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២០០ នាក់ និងជន​ជាតិអ៊ីស្រា​អែល​ជាង ១​០​ នាក់។

ក្រោយមក បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ភេរវ​កម្ម​នៅ​ក្នុង​ក្រុង​នានា​របស់​អ៊ីស្រាអែល​ក្នុង​ឆ្នាំ ២០២២ កង​កម្លាំង​អ៊ីស្រា​​អែល​បាន​សម្លាប់​ជន​ជាតិ​ប៉ាឡេស្ទីន​យ៉ាង​ហោច​ណាស់ ១៦៦ នាក់​នៅ​ក្នុង​ទីក្រុង​អ៊ីស្រាអែ​ល។ ដោ​យឡែកនៅដើមឆ្នាំ២០២៣នេះ កងកម្លាំងអ៊ីស្រាអែ​​លរាប់រយនា​ក់បានធ្វើការ​វាយ​ឆ្មក់​​​យោធា​​នៅ​​ក្នុងទីក្រុង Jenin របស់ប៉ាឡេស្ទីន។

នៅនៅថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ ក្រុមហាម៉ាសបានបើកការលុកលុយដ៏ធំនិងគួរឱ្យ​ភ្ញាក់ផ្អើល​ជា​ខ្លាំ​ងស​​ម្រាប់​អ៊ី​ស្រាអែលផ្ទាល់ និងអន្តរជាតិ។​ ក្រុមហាម៉ាសបានចល័តខ្លួនយ៉ាងលឿននឹកស្មានមិនដល់ និងបានវាយប្រ​ហារ​លើភា​គខា​ង​​ត្បូ​​​​ង​អ៊ីស្រាអែលដោ​យ​បា​​នបាញ់​រះគ្រាប់រ៉ុក្កែតរាប់ពាន់គ្រាប់​ចេញពី​តំបន់​កា​ហ្សា និងបាន​បញ្ជូនខ្មាន់កាំ​ភ្លើង​​​ឆ្លង​កា​​​ត់​ព្រំដែនចូលទៅក្នុងទឹកដីអ៊ីស្រាអែលបា​ញ់ប្រ​ហារ​ និងចា​ប់ជាចំណាប់ខ្មាំង។​

អ្នកនាំពា​ក្យក្រុមហាម៉ាស លោក Khaled Qadomi បាននិយាយថា ប្រតិបត្តិការ​យោធារបស់ក្រុម​នេះ​គឺដើម្បីឆ្លើ​យតបទៅនឹងអំពើឃោរ​ឃៅទាំងអស់ដែលប៉ាឡេស្ទីនបា​នជួបប្រទះក្នុងរយៈពេ​លជាច្រើនទ​​សវ​ត្សរ៍ម​កនេះ ដោយសង្កត់ធ្ងន់ថា៖«យើងចង់ឱ្យសហគមន៍អន្តរជាតិបញ្ឈប់អំពើឃោរឃៅនៅកាហ្សា ប្រឆាំ​ងនឹងប្រជាជនប៉ាឡេស្ទីន និងវិហារបរិសុទ្ធ អាល់ អាក្សសា ជាដើម ហើយអ្វី​ទាំង​អស់​នេះ​ជា​ហេតុផល​នៅ​​ពី​ក្រោយ​ការ​ចាប់​ផ្តើម​សមរភូមិ​នេះ»។ មេដឹកនាំក្រុមហាម៉ាសជាន់ខ្ពស់បាននិយាយថា ខ្លួនបា​នចា​ប់​ទាហានអ៊ីស្រាអែលបានច្រើនគ្រប់គ្រាន់ក្នុងអំឡុងពេលការវាយប្រហារ ដើម្បីឱ្យអា​ជ្ញាធរអ៊ីស្រាអែ​ល​​ដោះ​លែ​ងអ្នកទោសប៉ាឡេស្ទីនទាំងអស់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ៕

Theme images by Radius Images. Powered by Blogger.