អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ហាម​ពលរដ្ឋ​កុំ​ឱ្យ​ប្រើប្រាស់​សេវាសាធារណៈ​ក្រៅផ្លូវការ​ - Read News TV

ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ហាម​ពលរដ្ឋ​កុំ​ឱ្យ​ប្រើប្រាស់​សេវាសាធារណៈ​ក្រៅផ្លូវការ​

ភ្នំពេញ៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៣​នេះ បានប្រកាស​ច្រានចោល​ចំពោះ​ការចុះផ្សាយ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក និង​គណនី​ហ្វេ​សប៊ុក​ទាំងឡាយ ដែល​អះអាង​ថា ជា​អ្នកបម្រើ​សេវា​សាធារណៈរ​បស់​ក្រសួង ដូចជា​៖ មាន​ទទួល​រៀបចំ​ឯកសារ​ប្រឡង​យក​បណ្ណ​បើកបរ​យានយន្ត សេវា​ធ្វើ​បណ្ណ​បើកបរ​ស្របច្បាប់ សេវា​ធ្វើ​កាតគ្រី​ថ្មី​ចំពោះរថយន្ត​ដែល​បាត់​កាតគ្រី ឡាន​បញ្ចាំ​ឯកសារ ឡាន​រំ​លោះ និង​ចង់បាន​ឆៀក ដោយ​មិនបាច់​យក​ឡាន​មក​ឆៀក ដែល​បង្ក​ឱ្យ​មាន​ការភ័ន្តច្រឡំ​ដល់​សាធារណជន​។

​ក្រសួង​បញ្ជាក់​ច្បាស់ៗ​ថា ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​លើ​ទំព័រ​ហ្វេ​សប៊ុក និង​គណនី​ហ្វេ​សប៊ុក​ទាំងឡាយ​ខាងលើ​នេះ​ជា​ព័ត៌មាន​មិន​ពិត មាន​ចរិត​បង្ក​ការភ័ន្តច្រឡំ​ដល់​សាធារណជន ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏ដូចជា​រាជរដ្ឋាភិបាល​ផងដែរ​។​

​ជាមួយគ្នា ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ជំរុញ​លើកទឹកចិត្ត និង​អំពាវនាវ​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​ចៀសវាង​ការប្រើប្រាស់​សេវា​សាធារណៈ​ក្រៅផ្លូវការ ដែល​ងាយ​ធ្លាក់​ចូល​ក្នុង​អំពើ​បោកប្រាស់​របស់​ជនខិលខូច នាំ​ឱ្យ​ខាតបង់​ថវិកា  និង​ងាក​មក​ប្រើប្រាស់​មណ្ឌល​ផ្តល់​សេវា​សាធារណៈ ទាំងឡាយ​នៅ​តាម​ទីតាំង​នានា ដែល​ទទួលស្គាល់​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​វិញ​៕

Theme images by Radius Images. Powered by Blogger.