ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម បន្តកិច្ចសហការលើវិស័យសន្តិសុខ
ភ្នំពេញ ៖ បន្ទាប់ពីសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងក្នុងស្មារតីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការងារសន្តិសុខ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងដោយសេចក្ដីសាទរថា ឯកឧត្ដម ឧត្ដមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ជាបុគ្គលគន្លឹះដែលតែងតែយកចិត្តទុកដាក់ និងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ។ ជាពិសេសបទល្មើសគ្រឿងញៀន អំពើរត់ពន្ធជួញជូរមនុស្ស និងល្បែងស៊ីសងឆ្លងដែនខុសច្បាប់ជាដើម។ ឯកឧត្ដមអភិសន្តិបណ្ឌិត ថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតជូនឯកឧត្ដម ឧត្ដមសេនីយ៍ឯកបម្រុង លឿង តាមក្វាង ដឹកនាំគណៈប្រតិភូក្រសួងនគរបាលវៀតណាម ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណ និងជូនពរគណៈប្រតិភូក្រសួងនគរបាលវៀតណាម សូមសម្រេចបានជោគជ័យក្នុងបេសកកម្មបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២៣។ ទន្ទឹមនេះឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះឯកឧត្ដម ឧត្ដមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដែលបានផ្ញើសារគាំទ្រ អបអរសាទរ និងជូនពរក្នុងឱកាសដែលឯកឧត្ដមអភិសន្តិបណ្ឌិត ចូលកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
Post a Comment