បុរសវ័យ៥០ឆ្នាំម្នាក់ បានបាត់បង់ជីវិត ដោយជំងឺផ្តាសាយបក្សីនៅខេត្តស្វាយរៀង
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសព័ត៌មានស្តីពីករណីអ្នកស្លាប់ ដោយសារជំងឺផ្តាសាយបក្សីលើមនុស្សនៅខេត្តស្វាយរៀង នេះបើតាមសេចក្តីជូនដំណឹងពីក្រសួងសុខាភិបាលកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា មានអ្នកជំងឺផ្ដាសាយបក្សីម្នាក់ ដែលត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទ ហាស់៥អិន១ (H5N1) ព វិទ្យាស្ថានជាតិសុខភាពសាធារណៈ លើ បុរសអាយុ៥០ឆ្នាំ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលមានទីលំនៅក្នុងភូមិម្រាក់ទាប ឃុំត្រស់ ស្រុក រមាសហែក ខេត្តស្វាយរៀង។
តាមការសាកសួរបង្ហាញថា មានផ្ទះអ្នកជិតខាងបុរសខាងលើបានទិញមាន់មកស្តុកទុកលក់ បន្ទាប់មកក៏ឃើញ មានមាន់នៅផ្ទះរបស់គាត់ និងផ្ទះអ្នកក្បែរខាងចាប់ផ្ដើមងាប់ប្រមាណជាង៥០ក្បាល ហើយមាន់ងាប់នេះក៏បាន ចែកចាយឱ្យបងប្អូនយកទៅបរិភោគដែរ។
តាមក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កំពុងស្រាវជ្រាវការកើតឡើងនូវ ជំងឺផ្ដាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសាររបស់ជាតិបានសហការគ្នា រវាង ក្រុមឆ្លើយតបបន្ទាន់ទាំងផ្នែកសុខាភិបាល និង បសុពេទ្យ ស្វែងរកប្រភពចម្លងទាំងលើសត្វ និងមនុស្ស ព្រមទាំងបន្តស្វែងរកករណី សង្ស័យនិងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀត ក្នុងសហគមន៍ និង ធ្វើ យុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋ នៅក្នុងភូមិដែលកើតហេតុខាងលើ។
ក្រសួងក៏ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សី ជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋជាពិសេសលើកុមារ ដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ។ ករណីដែលបានស្លាប់នេះ គឺជាករណីផ្តាសាយបក្សីទី ៥៨ (ស្លាប់៣៩នាក់ ) ដែលកើតមានលើមនុស្សចាប់តាំងពីឆ្នាំ២០០៥ ហើយនេះជាករណីទី២ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣។
របៀបចម្លង៖ ជំងឺផ្ដាសាយបក្សី H5N1 គឺជាជំងឺ ផ្តាសាយមួយដែលជាធម្មតាចម្លងរវាង សត្វបក្សីឈឺទៅបក្សី ផ្សេងទៀត។ ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្សតាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬស្លាប់ ។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា ។ ទោះបីជាវាមិនងាយឆ្លង ពីមនុស្សទៅមនុស្ សប៉ុន្តែបើវាអាចបំប្លែងខ្លួនដែលអាចឆ្លង ,ដូចនឹងជំងឺផ្តាសាយតាម រដូវកាលផងដែរ។
វិធានការបង្ការ ៖ សារអប់រំរបស់រាជរដ្ឋាភិបាលរួមមាន៖ លាងដៃអោយបានញឹកញាប់ជាមួយសាប៊ូ នឹងទឹកមុនពេល បរិភោគ និង បន្ទាប់ពីប៉ះពាល់ជាមួយបក្សីដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅកុំបរិភោគសត្វបក្សីឈឺឬងាប់និង រាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ៕



Post a Comment