តើប្រតិបត្តិការវាយប្រហាររបស់ក្រុមហាម៉ាសប៉ាឡេស្ទីន កើតឡើងដូចម្តេចខ្លះ?
គិតត្រឹមថ្ងៃចន្ទទី៩តុលា ការវាយប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅតែបន្តយ៉ាងសកម្ម ២ថ្ងៃក្រោយការវាយឆ្មក់ទ្រង់ទ្រាយធំ និងគួរឲ្យភ្ញាក់ផ្អើលបំផុតរបស់ក្រុមហាម៉ាស។ ជាលើកទី១ ដែលក្រុមហាម៉ាសប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានសំរុកចូលមកក្នុងទឹកដីអ៊ីស្រាអែល វាយប្រហារសម្លាប់មនុស្សជាច្រើនរយនាក់។ លោកបេនចាមិន នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រកាសថា អ៊ីស្រាអែលនឹងធ្វើសង្គ្រាមកំទេចក្រុមហាម៉ាសឲ្យអស់ ហើយថាសង្គ្រាមនេះ គឺជាសង្គ្រាមរយៈពេលវែង។
នៅព្រឹកថ្ងៃសៅរ៍ទី៧តុលា វេលាទាបភ្លឺ ដែលជាកំឡុងពេល បុណ្យShabbat សំរាកប្រចាំសប្តាហ៍ របស់ប្រជាជនជ្វីហ្វ ក្រុមហាម៉ាសប៉ាឡេស្ទីន បានបើកការវាយឆ្មក់ ក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន។ ក្រុមហាម៉ាស បានសំរុកបាញ់គ្រាប់រ៉ុកកែត ជាច្រើនពាន់គ្រាប់ចេញពីតំបន់ហ្កាហ្សា ឆ្ពោះមកកាន់ទឹកដីអ៊ីស្រាអែល ធ្វើឲ្យប្រព័ន្ធខែលរបស់អ៊ីស្រាអែល វង្វេងចាប់លែងឈ្នះ។
ស្របពេលជាមួយគ្នានេះ ក្រុមកម្លាំងហាម៉ាសជាច្រើនរយនាក់ បាននាំគ្នាសំរុកចូលមកក្នុងទឹកដីអ៊ីស្រាអែល។ ក្រុមថ្មើរជើង បានប្រើប្រាស់គ្រាប់បែក និងប្រើរថយន្តគ្រឿងចក្រឈូសឆាយ ទៅបើកបំបុកឈូសទម្លាយរបងជញ្ជាំង ដែលខណ្ឌចែកតំបន់ហ្កាហ្សា និងទឹកដីអ៊ីស្រាអែល។ ក្រុមផ្សេងទៀត បានប្រើប្រាស់ឆ័ត្រយោងបំពាក់ដោយម៉ាស៊ីនកង្ការ ហោះរំលងជញ្ជាំង និងមានខ្លះបានប្រើទូកបើកតាមសមុទ្រ ចូលទៅកាន់ទឹកដីអ៊ីស្រាអែល។
ចូលទៅដល់ទឹកដីអ៊ីស្រាអែល ក្រុមហាម៉ាស់ បានបើកការវាយប្រហារទៅលើប៉ុស្តិនគរបាល ទីតាំងទាហាន និងបានបាញ់រះទៅលើប្រជាជនស៊ីវីលដោយឥតរើសមុខ។ ក្រុមហាម៉ាស បានសំរុកចូលទៅដល់ក្នុងទីក្រុងមួយចំនួន របស់អ៊ីស្រាអែល ដូចជាទីក្រុង Ashkelon ទីក្រុង Sderot និងទីក្រុង Ofakim ជាដើម ដែលស្ថិតនៅចំងាយប្រមាណជាង២០គីឡូម៉ែត្រ ពីព្រំដែនតំបន់ហ្កាហ្សា។ អ្នកនាំពាក្យម្នាក់នៃក្រសួងការពារជាតិអ៊ីស្រាអែល បានលើកឡើងថា យ៉ាងហោចណាស់ ក្រុមហាម៉ាសមានគ្នា១០០០នាក់ ដែលបានសំរុកចូលមកក្នុងទឹកដីអ៊ីស្រាអែល។
ពួកកងកម្លាំងហាម៉ាស បានដណ្តើមយកសម្ភារៈ និងគ្រឿងសព្វាវុធរបស់កងទ័ពអ៊ីស្រាអែល ព្រមទាំងបានចាប់ចំណាប់ខ្មាំង ទាហាននិងប្រជាជនស៊ីវីលជាច្រើននាក់ថែមទៀតផង។ យោងតាមការិយាល័យព័ត៌មានរដ្ឋាភិបាលអ៊ីស្រាអែល យ៉ាងហោចណាស់ មានមនុស្សជាង១០០នាក់ ដែលត្រូវបានក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង ដែលក្នុងចំណោមនោះ គឺមានជនជាតិអាមេរិក និងជនជាតិអាល្លឺម៉ង់ជាច្រើននាក់។ លោក Herzi Halevi អគ្គមេបញ្ជាការកងទ័ពជាតិអ៊ីស្រាអែល គឺក្នុងចំណោមចំណាប់ខ្មាំង មានទាំងកុមារ ស្ត្រី មនុស្សចាស់ជរា ជនពិការ និងទាហានអ៊ីស្រាអែលផង។ ពួកហាម៉ាស បានសំដៅចូលទៅវាយប្រហារយុវជនអ៊ីស្រាអែល ដែលកំពុងជួបជុំគ្នាក្នុងកម្មវិធីប្រគុំតន្រ្តីដ៏ធំមួយ នៅជិតក្រុង Kibboutz។ យោងតាមបណ្តាញព័ត៌មានអ៊ីស្រាអែល នៅទីនោះ ក្រុមហាម៉ាសបានបាញ់សម្លាប់មនុស្សជាង២០០នាក់។
អ៊ីស្រាអែលប្រកាសសង្គ្រាម
ផ្អែកតាមកងទ័ពអ៊ីស្រាអែល គឺក្រុមហាម៉ាស បានបាញ់គ្រាប់រ៉ុកកែត ចំនួនជាង៣០០០គ្រាប់ នៅព្រឹកថ្ងៃសៅរ៍។ កងទ័ពអ៊ីស្រាអែល បានប្រកាសអាសន្នភ្លាមៗ និងបានបើកប្រតិបត្តិការ « ដាវដែក » ដើម្បីឆ្លើយតបវិញ ទៅលើក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា ដែលមានប្រជាជនរស់នៅប្រមាណ ២,៣លាននាក់។ អ៊ីស្រាអែលបានបាញ់កំទេចអគារជាច្រើនទីតាំង នៅក្នុងតំបន់ហ្កាហ្សា ដែលគេអះអាងថា គឺជាទីបញ្ជាការរបស់ពួកភេរវកម្មហាម៉ាស។ យោងតាម លោក Richard Hecht អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល គឺគេបានវាយប្រហារទៅលើ គោលដៅចំនួន ៤២៦ទីតាំងនៅក្នុងតំបន់ហ្កាហ្សា ដោយរាប់តាំងកន្លែងលាក់ខ្លួនក្នុងរូងក្រោមដី និងសំណង់ហេដ្ឋរចនាសម្ព័ន្ធផ្សេងទៀត របស់ពួកហាម៉ាសប៉ាឡេស្ទីន។
លោកនេតាន់យ៉ាហ៊ូ បានប្រកាសសន្យាថា និងកំទេចទីតាំងលាក់ខ្លួនរបស់ពួកហាម៉ាស ឲ្យរលាយក្លាយជាផេះ។ ភ្លាមៗក្រោយការវាយឆ្មក់ទ្រង់ទ្រាយធំមិនធ្លាប់មាននេះ ក្រសួងការពារជាតិអ៊ីស្រាអែល បានបញ្ចេញកងកម្លាំងជាច្រើនម៉ឺននាក់ ដើម្បីដេញតាមប្រយុទ្ធជាមួយក្រុមហាម៉ាស ដែលបានបន្លំចូលមកក្នុងទឹកដីអ៊ីស្រាអែល តំបន់ភាគខាងត្បូង។ មិនត្រឹមប៉ុណ្ណោះ អ៊ីស្រាអែល បានប្រកាសប្រមូលកងទ័ពបំរុងទាំងអស់ ដើម្បីត្រៀមធ្វើសង្គ្រាម។ នៅព្រឹកថ្ងៃចន្ទ កងទ័ពអ៊ីស្រាអែល បានប្រកាសផងដែរថា គេកំពុងពិចារណាជម្លៀសប្រជាជន ចេញពីតំបន់ដែលដែលស្ថិតនៅក្បែរតំបន់ហ្កាហ្សាបំផុត ក្នុងរយៈពេល២៤ម៉ោងទៀត។
តើមានស្លាប់មនុស្សប៉ុន្មាននាក់ ហើយបាត់ខ្លួនប៉ុន្មាននាក់?
ផ្អែកតាមអាជ្ញាធរអ៊ីស្រាអែល គិតពីថ្ងៃសៅរ៍ ដល់ព្រឹកថ្ងៃចន្ទ យ៉ាងហោចណាស់ មនុស្សជាង៧០០នាក់បានស្លាប់ និងមានរបួសប្រមាន ២១៥០នាក់ នៅខាងទឹកដីអ៊ីស្រាអែល។ អ្នករាយការណ៍ព័ត៌មានបារាំង AFP បានឃើញសាកសពប្រជាជនស៊ីវីលអ៊ីស្រាអែលជាច្រើននាក់ ដែលត្រូវក្រុមហាម៉ាស់ បាញ់សុះសាច់ ដេករណូករណាកនៅតាមផ្លូវ និងខ្លះនៅក្នុងរថយន្ត នៅក្នុងទីក្រុងចំនួនយ៉ាងហោច៣ គឺ Sderot Kibboutz និង ក្រុងឆ្នេរសមុទ្រ Zikimស្ថិតនៅខាងជើងតំបន់ហ្កាហ្សា។
នៅឯតំបន់ហ្កាហ្សាប៉ាឡេស្ទីនវិញ យោងតាមក្រុមហាម៉ាស គឺយ៉ាងហោចណាស់ មានមនុស្សស្លាប់ ចំនួន៤១៣នាក់ និងជាង២៣០០នាក់របួស ដោយសារតែការបាញ់ប្លោងរបស់កងទ័ពអ៊ីស្រាអែល ក្នុងរយៈពេល២ថ្ងៃមកនេះ។ ក្នុងចំណោមអ្នកស្លាប់ គឺមានកុមារ៧៨នាក់ និងស្ត្រី៤១នាក់។
គួរបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះនៅខាងទឹកដីអ៊ីស្រាអែល គឺមានជនបរទេសជាច្រើននាក់បានស្លាប់ ក្នុងនោះ មានជនជាតិថៃ១២នាក់ ជនជាតិនេប៉ាល់ ១០នាក់ ជនជាតិអាមេរិកចំនួន៤នាក់ ជនជាតិអ៊ុយក្រែន២នាក់ បារាំង១នាក់ កាណាដា១នាក់ និងមាននិស្សិតជនជាតិខ្មែរ១នាក់ដែរ។ ហើយក្រៅពីមនុស្សស្លាប់ អាជ្ញាធរអ៊ីស្រាអែល អះអាងថា មានប្រជាជនស៊ីវីល និងទាហាន សរុបប្រមាណជាង១០០នាក់ ដែលត្រូវបានក្រុមហាម៉ាស ចាប់ជាចំណាប់ខ្មាំង។
យ៉ាងណាមិញ នៅថ្ងៃចន្ទទី៩កញ្ញា ក្រសួងការបរទេសថៃ បានប្រកាសថា ក្រៅពីជនជាតិថៃ១២នាក់ស្លាប់ គឺមាន៨នាក់របួស និង១១នាក់ ត្រូវក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង។ អជ្ញាធរថៃ កំពុងតែត្រៀមបញ្ជូនយន្តហោះកងទ័ពអាកាស ហោះទៅដឹកប្រជាជនថៃនៅអ៊ីស្រាអែល។ ផ្អែកតាមតួលេខផ្លូវការ គឺបច្ចុប្បន្នមានប្រជាជនថៃចំនួនប្រមាន ៣ម៉ឺននាក់នៅអ៊ីស្រាអែល ដែលភាគច្រើនជាពលករធ្វើការក្នុងវិស័យកសិកម្ម ហើយក្នុងចំណោមនេះ គឺមានប្រមាន៥០០០នាក់ ដែលកំពុងស្ថិតនៅក្នុងតំបន់មានជម្លោះ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។
ហេតុអ្វីក្រុមហាម៉ាស បើកការវាយប្រហារទ្រង់ទ្រាយធំនេះ?
ក្រុម Ezzedine Al-Qassem ដែលជាក្រុមប្រដាប់អាវុធមួយនៃចលនាហាម៉ាសប៉ាឡេស្ទីន បានអះអាងថា ក្រុមខ្លួនបានបាញ់គ្រាប់រ៉ុកកែត ចំនួនជាង៥០០០គ្រាប់។ នេះគឺជាប្រតិបត្តិការវាយប្រហារ ទៅលើអ៊ីស្រាអែល ដើម្បី “សងសឹក និងបិទបញ្ចប់ឧក្រិដ្ឋកម្មដាក់អាណានិគមដែលអ៊ីស្រាអែល ធ្វើមកលើប៉ាឡេស្ទីន”។
ចលនាហាម៉ាសប៉ាឡេស្ទីន លើកឡើងថា តាំងតែពីឆ្នាំ១៩៦៧មក អ៊ីស្រាអែល បានដាក់អាណានិគមមកលើតំបន់ស៊ីហ្សកដានី និងនៅផ្នែកខាងកើតទីក្រុងហ្សេរុយសាឡឹម ព្រមទាំងបានរាំងខ្ទប់តំបន់ហ្កាហ្សា តាំងតែពីឆ្នាំ២០០៧មក ក្រោយពេលចលនាហាម៉ាសបានឡើងគ្រប់គ្រងអំណាចនៅហ្កាហ្សា។ កាលពីថ្ងៃអាទិត្យទី ៨តុលា មេដឹកនាំចលនាហាម៉ាស ឈ្មោះ Ismaïl Haniyeh បានអះអាងថា ចលនាហាម៉ាសកំពុងតែឈានដណ្តើមបានជ័យជំនះ ដ៏ធំមួយ។ ចលនានេះ ថែមទាំងបានអំពាវនាវ ហៅក្រុមកងកម្លាំងតស៊ូប៉ាឡេស្ទីន នៅតំបន់ស៊ីហ្សកដានី ព្រមទាំងប្រទេសអារ៉ាប់ និងអ្នកកាន់សាសនាអ៊ីស្លាមទាំងអស់ ត្រូវតែចូលរួមប្រយុទ្ធជាមួយពួកខ្លួន។
ជាក់ស្តែង ក្រោយការបើកប្រតិបត្តិការវាយឆ្មក់របស់ក្រុមហាម៉ាសនេះ កាលពីព្រឹកថ្ងៃអាទិត្យ ក្រុមចលនាហេសបូឡាលីបង់ឯណោះ ក៏បានបាញ់ប្លោងគ្រាប់កាំភ្លើងធំ ព្រមទាំងបានបាញ់មីស៊ីលជាច្រើនគ្រាប់ ចូលមកកាន់ទឹកដីអ៊ីស្រាអែល នៅភាគខាងជើង។ ចលនាហេសបូឡា ដែលមានអ៊ីរ៉ង់នៅពីក្រោយ បានអះអាងាថា ខ្លួនចង់វាយប្រហារអ៊ីស្រាអែល ដើម្បីជាការសាមគ្គីជាមួយចលនាហាម៉ាសប៉ាឡេស្ទីន។ កងទ័ពអ៊ីស្រាអែល បានអះអាងថាគេបានវាយបកវិញទៅលើក្រុមហេសបូឡា តាមរយៈការបញ្ជាយានដ្រូនទៅវាយប្រហារនៅចំទីតាំងមួយចំនួន នៅក្នុងទឹកដីលីបង់។
តើសហគមន៍អន្តរជាតិបានប្រតិកម្មយ៉ាងណាខ្លះ?
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងថ្កោលទោសយ៉ាងធ្ងន់ ចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលបានសម្លាប់ប្រជាជនស៊ីវីលដោយមិនរើសមុខ។ លោកអង់តូនីញ៉ូ ហ្គូតទែរស៍ បានថ្លែងអំពាវនាវទៀតថា សហគមន៍អន្តរជាតិត្រូវតែរួមគ្នា ប្រើប្រាស់ការចរចាការទូត ដើម្បីជួយទប់កុំឲ្យជម្លោះប្រដាប់អាវុធនេះ ផ្ទុះក្លាយទៅជាសង្គ្រាមធំនៅក្នុងតំបន់ដើមបូព៌ាទាំងមូល។
គួរបញ្ជាក់ថា នៅក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ថ្វីបើមានប្រទេសជាច្រើនបានប្រកាសថ្កោលទោសក្រុមហាម៉ាស នៅទីបំផុត ការបោះឆ្នោតលើ “សេចក្តីសម្រេចចិត្តរួមដើម្បីថ្កោលទោសក្រុមហាម៉ាស” មិនអាចសម្រេចទៅបានទេ ដោយសារតែគ្មានសំឡេងជាឯកច្ឆ័ន្ទ។
យ៉ាងណាក៏ដោយ លោកប្រធានាធិបតី ចូ បៃដិន វិញបានថ្លែងថ្កោលទោស ការវាយប្រហាររបស់ក្រុមហាម៉ាស និងបានអះអាងថា សហរដ្ឋអាមេរិកនឹងបញ្ជូនជំនួយយោធា ទៅជួយអ៊ីស្រាអែល ដែលរងការវាយប្រហារ។ ដូចគ្នាដែរ លោកស្រី អួរស៊ុឡា វ៉ុនឌែរ ឡេយ៉េន បានចាត់ទុកការវាយប្រហាររបស់ក្រុមហាម៉ាស ថាគឺជា “ការវាយប្រហារភេរវកម្មដ៏សាហាវ និងថោកទាបបំផុត”។ លោកស្រីប្រធានាគណៈកម្មាការអឺរ៉ុប បានបន្ថែមថា ក្នុងនាមជាប្រទេសឯករាជ្យនិងប្រជាធិបតេយ្យ អ៊ីស្រាអែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការឆ្លើយតបវិញ។ ចំណែកលោក ស៊ូណាក់ នាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជាក់ប្រាប់ទៅសមភាគីអ៊ីស្រាអែល ថាអង់គ្លេសគាំទ្រនៅពីក្រោយអ៊ីស្រាអែលជានិច្ច។
ដោយឡែក រដ្ឋាភិបាលបារាំង ដែលបានប្រកាសថ្កោសទោសយ៉ាងធ្ងន់ ទៅលើការវាយប្រហាររបស់ក្រុមហាម៉ាសដែរនោះ បានអះអាងថា កំពុងតែប្រឹងប្រែងបើកការចរចាការទូត ដើម្បីបញ្ចៀសកុំឲ្យភ្លើងសង្គ្រាមនេះ ឆាបឆេះ ទៅដល់តំបន់ស៊ីសហ្សកដានី លីបង់ និងក្នុងតំបន់ដើមបូព៌ាទាំងមូល។ រីឯលោក អ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី បានប្រកាសអំពាវនាវ ឲ្យក្រុមហាម៉ាស និងអ៊ីស្រាអែល រក្សាការស្ងៀមស្ងាត់ ផ្តល់អាទិភាពដល់សន្តិភាព និងធ្វើយ៉ាងណាបញ្ចៀសកុំឲ្យស្លាប់ប្រជាជនស៊ីវីល។
ផ្ទុយទៅវិញ លោកប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ៃស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់គាំទ្រការតស៊ូប្រយុទ្ធការពារខ្លួនដ៏ស្របច្បាប់ របស់ប្រជាជាតិប៉ាឡេស្ទីន។ យ៉ាងណាមិញ អ៊ីរ៉ង់ត្រូវបានគេសង្ស័យថា គឺជាអ្នកទំនុកបំរុងជួយក្រុមហាម៉ាសប៉ាឡេស្ទីន ដើម្បីបើកប្រតិបត្តិការវាយឆ្មក់ទ្រង់ទ្រាយធំនេះ ទៅលើអ៊ីស្រាអែល ដែលអ៊ីរ៉ង់ចាត់ទុកថាជាសត្រូវដ៏ធំបំផុតរបស់ខ្លួន៕-rfr-


Post a Comment