អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ដកបញ្ឈរជើងជាបណ្តោះអាសន្ន មេប៉ុស្តិ៍ស្រែចារ ខេត្តក្រចេះ ក្រោយចុះទៅបិទល្ខោនបាសាក់ - Read News TV

ដកបញ្ឈរជើងជាបណ្តោះអាសន្ន មេប៉ុស្តិ៍ស្រែចារ ខេត្តក្រចេះ ក្រោយចុះទៅបិទល្ខោនបាសាក់

ក្រចេះ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ករណីមេប៉ុស្ដិ៍រដ្ឋបាលឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដែលបានចុះទៅបិទការសម្ដែងល្ខោនបាសាក់ នៅក្នុងមូលដ្ឋានរបស់ខ្លួន នៅតែមានសកម្មភាពក្ដៅគរគុកពីសំណាក់ អ្នកលេងបណ្ដាញសង្គម ហ្វេសបុក និងប្រជាពលរដ្ឋ។

ក្រោយមានប្រតិកម្មបែបនេះ ស្នងការនគរបាលខេត្តក្រចេះ បានដាក់វិន័យកងកម្លាំងនគរបាលជាតិ ទៅនាយនគរបាលប៉ុស្តិ៍រូបនេះ ដើម្បីចាត់ការបន្តទៀត។ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បានប្រាប់ឱ្យដឹងថា នៅពេលនេះលោកបានដាក់វិន័យនាយនគរបាលប៉ុស្តិ៍រូបនេះហើយ ដោយដកបញ្ឈរជើងជាបណ្តោះអាសន្ន ហើយបានតែងតាំងមេប៉ុស្តិ៍ស្តីទីផងដែរ។
យោងតាមវីដេអូដែលបានបង្ហោះតៗគ្នាលើបណ្តាញ បញ្ជាក់ឲ្យឃើញថា មេប៉ុស្តិ៍ឃុំស្រែចារ លោក យឹង សំអឿន ហៅ ដួង បានចុះទៅដល់ទីតាំងក្នុងវត្តអូរលុង កាលពីយប់ថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០២៣ ហើយបានឲ្យក្រុមសិល្បៈ ល្ខោនបាសាក់ កំពុងសម្ដែងកំដរក្នុងពិធីបុណ្យកឋិនទានឲ្យឈប់លេងជាបន្ទាន់។
នាយនគរបាលប៉ុស្តិ៍រូបនេះ បានសួររកលិខិតអនុញ្ញាត និងចោទប្រកាន់ថា ក្រុមសិល្បៈ ដែលមកសម្ដែងក្នុងពិធី ពុំបានប្រាប់ ឬរាយការណ៍ដល់ប៉ុស្តិ៍មូលដ្ឋានដែលខ្លួនគ្រប់គ្រង។
នៅក្នុងហេតុការណ៍ចុះទៅបិទការសំសម្ដែងល្ខោន ដែលមានមហាជនយ៉ាងច្រើនកុះករ កំពុងតែទស្សនា គឺយប់ទី៣ហើយ មិនមែនជាយប់ដំបូងនោះទេ។ បើតាមស្នងការនគរបាលខេត្ត, ករណីនេះលោកនឹងរាយការណ៍ សុំគោលការណ៍ថ្នាក់ដឹកនាំបន្តទៀត៕



Theme images by Radius Images. Powered by Blogger.