ការវិលមកវិញរបស់ នាវាWesterdam ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជាបានបង្ហាញសណ្តានចិត្តមនុស្សធម៌ជួយដល់ភ្ញៀវទេសចរអន្តរជាតិ
ភ្នំពេញ ៖ ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ការវិលមកវិញរបស់ នាវា Westerdam ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជាបានបង្ហាញសណ្តានចិត្តមនុស្សធម៌ជួយដល់ភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងជាប់គាំង នៅលើនាវាកាលពីពេលកន្លងមក ដើម្បីទទួលការសង្គ្រោះជីវិតពីភាពតែលតោលនៅសមុទ្រ។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងពិធីទទួលទេសចរ និងការរំលឹកខួប៣ឆ្នាំនៃការសុំចតរបស់នាវា Westerdam នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នាខេត្តព្រះសីហនុ ឯកឧត្តម សុខ សូកេន បានមានប្រសាសន៍ថា ថ្ងៃនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ របស់នាវាWesterdam បានត្រឡប់មកកម្ពុជាវិញម្តងទៀត បន្ទាប់ពីបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។
ឯកឧត្តម បានបន្តថា សហនាវឹក បុគ្គលិកបម្រើការងារតាមផ្នែក និងអ្នកទេសចរ បានទទួលអនុស្សាវរីយ៍ដ៏ពិសេសរបស់កម្ពុជា ក្នុងការទទួលភ្ញៀវទេសចរដែលមកតាមនាវាWesterdam កាលពីមានវិបត្តិ ហើយភ្ញៀវទេសចរមួយចំនួន បានត្រឡប់មកវិញម្តងទៀត និងបានបញ្ជាក់ពីភាពកក់ក្តៅរបស់ពួកគាត់ មកលើប្រទេសកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ថា ការវិលមកវិញរបស់នាវាWesterdam ជាពេលវេលាមួយអាចកំណត់ថា ចំពោះវិស័យទេសចរណ៍និងការធ្វើដំណើរតាមនាវាចរនេះ មានលក្ខណៈវិជ្ជមានខ្ពស់ និងមានការធ្វើដំណើរជាបន្តបន្ទាប់ទៀតនៅឆ្នាំក្រោយៗ ក្នុងការសម្របសម្រួលកប៉ាល់ធំៗ ចូលកម្ពុជាជាបន្តបន្ទាប់។
« សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញ និងមានការទទួលស្គាល់ជាប្រទេសតូចបេះដូងធំ ហើយថ្ងៃនេះយើងបានឃើញជាក់ស្តែង នូវភាពទាក់ទាញរបស់កម្ពុជា ជាពិសេសភាពកក់ក្តៅដែលកម្ពុជាបានជូនទៅដល់អ្នកធ្វើដំណើរជាពិសេសនាវាWesterdam »។
គួររំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យនាវាទេសចរណ៍អាម៉េរិក ដែលមានឈ្មោះថា Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេស និងកោះចំនួន៥ បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line ដោយសារបារម្ភពីជំងឺកូវីដ១៩។
មូលហេតុដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យនាវាអាម៉េរិកចូលចតនេះ ក្រោមហេតុផលថា ជួយសង្គ្រោះមនុស្សជាតិ និងបង្ហាញពីសកម្មភាពមនុស្សធម៌ ជាពិសេសលុបបំបាត់ ភាពភ័យខ្លាចរបស់ពលរដ្ឋលើបញ្ហាជំងឺរលាកសួត ដែលបង្កឡើងដោយជំងឺកូវីដ១៩។
មនុស្សនៅលើនាវានោះ មានជាង ២២០០នាក់ ក្នុងនោះ អ្នកដំណើរ ១,៤៥៥នាក់ មានជាង៤០សញ្ជាតិ និងបុគ្គលិកបម្រើការងារតាមផ្នែកលើនាវា ៨០២នាក់។ អ្នកទេសចរ ដែលច្រើនជាងគេមានអាម៉េរិក មាន៦៥១នាក់ កាណាដា ២៧១នាក់ អង់គ្លេស ១២៧នាក់ ហូឡង់ ៩១នាក់ អូស្ត្រាលី ៧៩ នាក់ អាល្លឺម៉ង់ ៥៧នាក់៕










Post a Comment