អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! អាកាសចរណ៍ស៊ីវិល​ថាការរិះគន់ពីភ្ញៀវលើព្រលានយន្តហោះសៀមរាបថ្មីជាចេតនាទុច្ចរិតបំផ្លាញកេរ្តិ៍ឈ្មោះ - Read News TV

អាកាសចរណ៍ស៊ីវិល​ថាការរិះគន់ពីភ្ញៀវលើព្រលានយន្តហោះសៀមរាបថ្មីជាចេតនាទុច្ចរិតបំផ្លាញកេរ្តិ៍ឈ្មោះ

ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោល និងចាត់ទុករាល់មតិរិះគន់របស់ភ្ញៀវទេសចរមួយចំនួន ដែលចោទពីភាពមិនប្រក្រតីនិងអំពើពុករលួយនៅព្រលានយន្តហោះសៀមរាបថ្មី ថាមតិទាំងនោះមានចេតនាទុច្ចរិតអាក្រក់ បំផ្លាញកេរ្តិ៍ឈ្មោះនិងកិច្ចខិតខំប្រឹងប្រែងបម្រើអតិថិជនរបស់អាកាសយានដ្ឋានតែប៉ុណ្ណោះ។






សេចក្តីបំភ្លឺនេះ ធ្វើឡើងពីរថ្ងៃបន្ទាប់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏ធ្លាប់បានចេញសេចក្តីបំភ្លឺម្តងរួមមកហើយកាលពីថ្ងៃទី០៩ ខែមករា ដោយបដិសេធការរិះគន់របស់ភ្ញៀវនេះ ថាពុំមានមូលដ្ឋានត្រឹមត្រូវត្រង់កាលបរិច្ឆេទ ពោលគឺភ្ញៀវបានបង្ហោះសាររិះគន់មុនពេលព្រលានយន្តបើកដំណើរការ។ ត្រង់ចំណុចកាលបរិច្ឆេទនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលទាញទឡ្ហីករការពារថា ការរិះគន់របស់ភ្ញៀវកើតមានឡើងតាំងពីជាង២ខែនិង៩ខែមុនមកម្ល៉េះ តែព្រមានយន្តហោះសៀមរាបថ្មីទើបបើកដំណើរការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ពោលគឺព្រលានយន្តហោះបើកក្រោយការរិះគន់។ មួយវិញទៀត ត្រង់ចំណុចភ្ញៀវចោទថាបុគ្គលិកអាកាសយានដ្ឋានសុំលុយធិបពីភ្ញៀវទេសចរ ក៏ស្ថាប័នអាកាសចរណ៍ស៊ីវិល បដិសេធផងដែរ ព្រោះថាកន្លងមកអាជ្ញាធរតែងតែសហការជាក្រុមហ៊ុន ធ្វើការណែនាំ ផ្សព្វផ្សាយ និងក្រើនរំលឹកបន្ថែមដល់បុគ្គលិកជាប្រចាំនូវក្រមសីលធម៌ វិន័យ និងគោលការណ៍ស្តង់ដា ដែលត្រូវប្រតិបត្តិឱ្យល្អសម្រាប់ភ្ញៀវ។


ដោយឡែកករណីភ្ញៀវរិះគន់ពីក្រដាសប្រាក់ដុល្លារចាយមិនដាច់(ក្រដាសប្រាក់ចាស់ ឬមានស្នាមប្រឡាក់ ឬរហែក) គឺភ្ញៀវទទួលលុយអាប់ពីអ្នកបើកតាក់ស៊ីនោះទេ ដែលករណីប្រើតាក់ស៊ីគឺមិនស្ថិតក្នុងការគ្រប់គ្រង និងប្រតិបត្តិការរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនោះឡើយ។​ចំណុចរសើបមួយទៀតនោះ គឺការរិះគន់ពីការប្រព្រឹត្តិអំពើពុករលួយរបស់មន្រ្តីអន្តោប្រវេសន៍នៅព្រលាន ក៏ស្ថាប័នខាងលើបានបដិសេធផងដែរ ដោយថាជាព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់។


ជាការកត់សម្គាល់ សេចក្តីបំភ្លឺព័ត៌មានរបស់ស្ថាប័នអាកាសចរណ៍ស៊ីវិលនេះ កើតឡើងបន្ទាប់ពី​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយមាន​ឈ្មោះ​«The CEROC» បាន​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន អំពី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី ដោយបានលើកយកមតិរិះគន់និង​ចោទប្រកាន់​លើព្រលានយន្តសៀមរាបអង្គរថ្មី ថា​មិន​យក​អតិថិជន​ជា​ធំ​ទេ ហើយអតិ ថិជនបានឱ្យ​ពិន្ទុ​ទាប​ខ្លាំង​ណាស់ ពោលគឺមាន​រឿង​ពុក​រលួយ ការផ្តល់សេវាកម្ម​មិន​ល្អ និង​​ផ្តាំ​អ្នក​ដទៃ​មិន​ឱ្យ​ឆ្លងកាត់​ព្រ​លានសៀមរាបថ្មី​នេះ​ថែម​ទៀតផង​។


សូមបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ Siem Reab Angkor International Airport ទទួលបានការវាយតម្លៃពីភ្ញៀវទេសចរណ៍ក្នុងកម្រិតផ្កាយ ៣,៣ នៅក្នុង google map។ កម្រិតផ្កាយ ៣,៣ នេះគឺស្ថិតនៅចំណុចល្អគួរសម ដ្បិតកម្រិតផ្កាយ ១ ជាកម្រិតពិន្ទុទាប ហើយផ្កាយ ៥ ជាកម្រិតពិន្ទុខ្ពស់បំផុស ចំណែកកម្រិតផ្កាយ ៣ គឺស្ថិតនៅត្រង់ពិន្ទុល្អ៕


Theme images by Radius Images. Powered by Blogger.