ក្រសួងរ៉ែ និងថាមពល បើកប្រតិបត្ដិការបង្ក្រាប អាជីវកម្មរ៉ែមាសអនាធិបតេយ្យនៅក្នុងស្រុកមេមត់ខេត្ដត្បូងឃ្មុំ
ត្បូងឃ្មុំ ៖ ក្រសួងរ៉ែ និងថាមពល ដែលមានមន្ទីររ៉ែនិងថាមពលខេត្ដត្បូងឃ្មុំជាសេនាធិការ បានបើកប្រតិបត្ដិការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យស្ថិតនៅក្នុងភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ។ តាមសេចក្ដីប្រកាសព័ត៌មានចេញនៅយប់ថ្ងៃដដែលឱ្យដឹងថា នៅក្នុងទីតាំងខាងលើនេះ គឺជាតំបន់អាជីវកម្មរ៉ែមាសបែបលក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៩០ ដែលមានប្រជាពលរដ្ឋមូលដ្ឋានប្រកបរបរជីកយក និងរែងមាសដោយដៃតាមលក្ខណៈគ្រួសារ។
ប៉ុន្ដែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ មានការប្រែប្រួលពីលក្ខណៈគ្រួសារ ដែលធ្វើដោយដៃនិងឧបករណ៍សាមញ្ញ ទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយកន្លែងខ្លះមានជីករូងជាអណ្ដូងរ៉ែក្រោមដី។ ក្រសួងរ៉ែបានមើលឃើញថា សកម្មភាពនេះកំពុងបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្ដិ និងចំណូលជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងពលរដ្ឋនៅក្នុងនិងក្រៅមូលដ្ឋាន។ ហេតុនេះកន្លងមក្រសួងក៏ធ្លាប់បានចុះណែនាំអប់រំជាច្រើនលើក ប៉ុន្ដែប្រៀបដូចជាការវែកចក ទើបឈានដល់ការចុះបង្ក្រាបអាជីវកម្មរ៉ែបែបអនាធិបតេយ្យនេះតែម្ដង។
ក្រសួងរ៉ែប្ដេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែដោយស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិ។ ក្រសួងក៏អំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយចូលរួមទប់ស្កាត់ដោយជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យមកក្រសួង តាមរយៈប្រព័ន្ធទូរស័ព្ទ ០៩៥ ៧២៧ ៧២៧៕





Post a Comment