អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ទស្សនកិច្ចសម្ដេចធិបតីនៅបារាំងបញ្ជាក់ពីទំនាក់ទំនងការទូត នយោបាយ និង​សេដ្ឋកិច្ចប្រទេសទាំងពីរ - Read News TV

ទស្សនកិច្ចសម្ដេចធិបតីនៅបារាំងបញ្ជាក់ពីទំនាក់ទំនងការទូត នយោបាយ និង​សេដ្ឋកិច្ចប្រទេសទាំងពីរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទស្សន​កិច្ច​ផ្លូវ​ការ​របស់​សម្តេចនៅប្រទេសបារាំងមានលក្ខណៈពិសេស ដោយសារ​ប្រធានាធិបតី​បារាំង​ជា​អ្នក​ចេញ​លិខិត​អញ្ជើញសម្ដេចដោយផ្ទាល់ ដែលរំលេចនូវ​គុណ​តម្លៃ​ខ្ពង់​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​ការ​ទូត នយោបាយ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ការបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជួប​សំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប កាលពីវេលាម៉ោង៥ល្ងាចនៅបារាំង ត្រូវ​នឹង​ម៉ោង១១យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។

សម្ដេចធិបតីបានបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់សម្តេចនៅទ្វីបអឺរ៉ុបមានរយៈពេល៦ថ្ងៃ គឺ​ដើម្បី​ចូល​រួម​កិច្ចប្រជុំនៅដាវ៉ូស និងទស្សនកិច្ចនៅប្រទេសបារាំង ក្នុង​នោះ​សម្តេច​មាន​កម្មវិធី​ប្រជុំ​ប្រមាណ៤០។ នេះជាទស្សនកិច្ចលើកទី១ របស់សម្ដេចក្នុង​នាម​ជា​នាយករដ្ឋ​មន្ត្រី​មក​កាន់​ប្រទេស​បារាំង និងតំបន់អឺរ៉ុប ដែលជាការបញ្ជាក់ពីទំនាក់ទំនងល្អរវាងកម្ពុជា និងបារាំង។

សម្ដេច​ធិបតីបានបន្តថា រាល់ទស្សនកិច្ចផ្លូវការ ឬផ្លូវរដ្ឋ តែងមាន​ការ​អញ្ជើញ​ដោយ​សមភាគី​ព្រោះជា​ធម្មតានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ត្រូវមាននាយករដ្ឋ​មន្ត្រី​របស់​ប្រទេស​ជា​មិត្ត​ជា​អ្នក​អញ្ជើញ​។ ប៉ុន្តែទស្សនកិច្ចផ្លូវការរវាងបារាំង និងកម្ពុជា គឺមានលក្ខណៈពិសេសជាងគេ ក៏​ដូច​ជា​ពេល​សម្ដេច​តេជោនៅ​ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា គឺប្រធានាធិបតីបារាំង​តែម្ដង​ជា​អ្នក​ចេញ​លិខិត​អញ្ជើញ​បានន័យថា កម្រិតខ្ពស់បំផុតនៅក្នុងប្រទេសបារាំង។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ប៉ុន្មាន​ថ្ងៃ​មក​នេះ​មាន​អ្នក​ចេញ​មក​ពន្យល់​ប្រធានាធិបតី​បារាំងថាកុំឱ្យចាញ់បោកមេដឹកនាំកម្ពុជា។ ត្រង់ចំណុចនេះ សម្ដេច​ធិបតី​បាន​ឆ្លើយ​តបថា មុន​នឹង​មេដឹក​នាំ​ប្រទេស​មហា​អំណាច​ដូច​ជា​បារាំង​នេះ​មាន​ការ​អញ្ជើញ​ប្រមុខ​រាជ​រដ្ឋាភិបាល​ណាមួ​យដូចជា កម្ពុជានេះ គឺប្រាកដជាមានការវាយ​តម្លៃ​គ្រប់​ជ្រុង​ជ្រោយ​ជាមុន​ហើយ​ទីប្រឹក្សា​នៃ​ក្រសួងជំនាញ មានក្រសួងការបរទេស ក្រសួងការពារជាតិ ហើយថែមទាំង​ប្រធានាធិបតី​ខ្លួន​គេផ្ទាល់ ប្រាកដជាប្រមូលផ្ដុំយោបល់ និងសម្រេចចិត្តរួចទៅហើយ មើល​ឃើញ​ច្បាស់​ពី​អត្ថប្រយោជន៍នៃទំនាក់ទំនងរួចទៅហើយ ទើបបានចេញ​លិខិត​អញ្ជើញ​ជា​ផ្លូវ​ការ​បែប​នេះ​នោះ​។

សម្ដេចធិបតីបញ្ជាក់ទៀតថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខ​រដ្ឋាភិបាល​សាធារណរដ្ឋ​បារាំង​ គឺមានភារកិច្ចសម្រាប់ជាតិរៀងខ្លួន អ្វីទាំងអស់គ្មានឡើយផលប្រយោជន៍បុគ្គល ទាំង​អស់​គឺ​និយាយ​អំពី​ការទូត កិច្ចសហប្រតិបត្តិការ ការវិនិយោគ ការអប់រំ វប្បធម៌ និងទំនាក់​ទំនង​សម្រាប់​ប្រយោជន៍​ជាតិ​រៀង​ៗខ្លួន ក្នុងនោះក៏មានការស្នើ​សុំ​អាហារូបករណ៍​ពី​រដ្ឋាភិបាល​បារាំង​មក​ឱ្យ​និស្សិត​កម្ពុជាដែរ៕ 






Theme images by Radius Images. Powered by Blogger.