អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្នុងឆ្នាំ​២០២៣​ ក​.​ប​.​ប​បង្ក្រាប​បាន​សាច់​បង្កក​ខូច​គុណភាពរហូត​ជាង​១,៦០០​តោន​ - Read News TV

ក្នុងឆ្នាំ​២០២៣​ ក​.​ប​.​ប​បង្ក្រាប​បាន​សាច់​បង្កក​ខូច​គុណភាពរហូត​ជាង​១,៦០០​តោន​

ភ្នំពេញ៖ ក្នុង​ឆ្នាំ​២០២៣​កន្លងទៅ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​) ​បាន​ចុះ​ត្រួតពិនិត្យ​បណ្តា​ទីតាំង និង​ឃ្លាំង ស្តុក​ទំនិញ​ចំនួន ១៣៤​ទីតាំង ដោយ​បាន​រកឃើញ​ទីតាំង​ចំនួន​២៣ បាន​ស្តុក​ទំនិញ​ដែល​មាន​ភាព​មិន​អនុលោម​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​របស់លោក ផាន អូន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​)​។​

​លោក ផាន អូន បានឱ្យដឹងថា ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​២០២៣ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​) រឹបអូស​បាន​ទំនិញ​ប្រមាណ ២,០៧៦​តោន ក្នុងនោះ​មាន​សាច់​បង្កក ដែល​ត្រូវបាន​រកឃើញ​ថា ខ្វះ​អនាម័យ មាន​សារធាតុ​គីមី​ហាមឃាត់ ឬ​ចម្លង​មេរោគ និង​ផុត​សុពលភាព​ប្រើប្រាស់​ប្រមាណ​ជាង ១,៦៤៨ តោន​។ ទន្ទឹមគ្នា លោក​បញ្ជាក់ថា ម្ចាស់​ទីតាំង​ស្តុក​ទំនិញ​ចំនួន​២៣​ទីតាំង ត្រូវបាន​មន្ត្រី​ក​.​ប​.​ប​. អនុវត្ត​នីតិវិធី​ច្បាប់​។​

​លោក ផាន អូន គូសបញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០២៤​នេះ អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. នឹង​បន្ត​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ​បណ្តា​ឃ្លាំង​ស្តុក ទីតាំង​ចែកចាយ និង​បណ្តា​មធ្យោបាយ​ដឹកជញ្ជូន​នានា សម្ដៅ​ទប់ស្កាត់​ការ​នាំចូល ការ​ចែកចាយ​ផលិតផល​ទំនិញ ដើម្បី​ទប់ស្កាត់​ការ​ចរាចរ​ទំនិញ ពិសេស​ផលិតផល​ម្ហូបអាហារ​គ្រប់​ប្រភេទ ដែល​មិន​អនុលោម​នឹង​បទ​ប្បញ្ញត្តិ​ជា​ធរមាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គួរ​ឱ្យ​ដឹងថា បញ្ហា​សាច់​បង្កក​ខុសច្បាប់ គឺជា​ក្ដី​កង្វក់​សម្រាប់​ប្រជាពលរដ្ឋ​ដែលជា​អ្នក​បរិភោគ ដោយសារ​ពួកគេ​ភ័យខ្លាច​ចំពោះ​ការប៉ះពាល់​សុខភាព ទោះបីជា​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​សាច់​បង្កក​ខូច​គុណភាព​ជា​បន្តបន្ទាប់​ក៏ដោយ​។ ជាពិសេស អ្នកតាមដាន​សង្គម និង​អ្នកជំនាញ​ផ្នែក​សុខភាព​សាធារណៈ បាន​ទទូច​ឱ្យប្រើ​ចំណាត់ការ​ក្ដៅ​ចំពោះ​ក្រុម​ឈ្មួញ​នាំចូល​សាច់​បង្កក​គ្មាន​គុណភាព ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​បរិភោគ​៕

Theme images by Radius Images. Powered by Blogger.