អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! តុលាការភ្នំពេញចេញសេចក្តីប្រកាសពន្យល់ពីការសម្រេចឃុំខ្លួនសកម្មជនសង្គមលោក នី ណាក់ - Read News TV

តុលាការភ្នំពេញចេញសេចក្តីប្រកាសពន្យល់ពីការសម្រេចឃុំខ្លួនសកម្មជនសង្គមលោក នី ណាក់

ភ្នំពេញ៖ បន្ទាប់ពីតុលាការរាជធានីភ្នំពេញសម្រេចឃុំខ្លួនសកម្មជនសង្គមដែលតែងរិះគន់រឿងរ៉ាវសង្គមកាលពីថ្ងៃសុក្រទី០៥ ខែមករា គឺនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤នេះអ្នកសារព័ត៌មានបានទទួលសេចក្តីប្រកាសព័ត៌មានមួយដាច់ដោយឡែកទៀត ដោយពន្យល់ពីការឈានទៅចាប់ខ្លួននិងឃុំខ្លួនសកម្មជនសង្គមតាមបណ្តឹងរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ។

លោក នី ណាក់

សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចំនួនមួយទំព័រ រៀបរាប់ថា ​បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នី ណាក់ នៃបក្ខពួក ពីបទបរិហារកេរ្ដិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង។ ជាងនេះតុលាការយល់ថា ជនសង្ស័យ មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១២ ថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២៣ ដែលមានបញ្ញត្ដិឱ្យផ្តន្ទាទោសតាមមាត្រា៨៨ មាត្រា៣០៥ មាត្រា៤៩៣ មាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ។

ក្នុងនោះផងដែរ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ឈ្មោះ នី ណាក់ និងបក្ខពួក បានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមឈ្មោះ Iman-KH ដើម្បីបង្ហោះ និងចែកចាយនូវព័ត៌មានមិនពិតកាលពីថ្ងៃទី១២ ខែធ្នូឆ្នាំ២០២៣ ដែលមានខ្លឹមសារថា ” កាត់ដីឱ្យ លោក ហេង សួរ ប្រហែលជាទុកសង់រោងចក្រ ២,០០០ និងធ្វើការិយាល័យ ឱ្យមន្ត្រីក្រសួងការងារ ព្រោះឃើញគាត់ប្រាប់ថាធ្វើការរហូតគ្មានថ្ងៃសៅរ៍ឬអាទិត្យឡើយ “។


ក្រោយពីបានឃើញខ្លឹមសារដែលបង្ហោះដោយហ្វេសប៊ុកឈ្មោះ Iman-KH អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើការបញ្ជាក់ និងស្នើសុំឱ្យស្ថាប័នសារព័ត៌មាន ដែលបានផ្សាយព័ត៌មានមិនពិតធ្វើការកែតម្រូវឡើងវិញ ពីព្រោះបុគ្គលឈ្មោះ ហេង សួរ នោះ ពុំមែនជា ឯកឧត្តម ហេង សួររដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនោះទេ។

តែទោះជាបានដឹងច្បាស់អំពីការបញ្ជាក់របស់អ្នកនាំពាក្យខាងលើក៏ដោយក៏បុគ្គលឈ្មោះ នី ណាក់ និងបក្ខពួក នៅតែបន្តធ្វើសកម្មភាពបង្ហោះ និងចែកចាយសំណេរដោយមានខ្លឹមសារថា ” តើ លោក ហេង សួរ បានសាងស្នាដៃធំធេងអ្វីដល់ជាតិខ្មែរ បានជារដ្ឋាភិបាលកាត់ដីព្រៃផ្តល់ឱ្យធ្វើជាកម្មសិទ្ធិ? RIP ព្រៃឈើខ្មែរ “។

សម្រាប់តុលាការការបង្ហោះខ្លឹមសារទាំងនេះ គឺជាមួលបង្កាច់ការពិតដែលមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប៉ុណ្ណោះទេ ប៉ុន្តែការបង្ហោះព័ត៌មានមួលបង្កាច់ការពិតម្តងហើយម្តងទៀត ដោយមិនព្រមធ្វើការកែតម្រូវឡើងវិញនេះ គឺជាចេតនាទុច្ចរិតក្នុងការធ្វើឱ្យមានការភាន់ច្រឡំ និងញុះញង់ឱ្យមានការរើសអើងចំពោះឯកឧត្តម ហេង សួរនិងថ្នាក់ដឹកនាំ។ អំពើនេះគឺជាបទល្មើស ដែលមានបញ្ញត្ដិឱ្យផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ទៀតថា ឈ្មោះ នី ណាក់ នេះធ្លាប់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារកំណត់រយៈពេល១៨ខែ តាមអំណាចសាលក្រមព្រហ្មទណ្ឌ២៥៦៤”ណ” ចុះថ្ងៃទី១៨ សីហា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងធ្លាប់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ កំណត់រយៈពេល១ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ២៧៨៨”ណ” ចុះថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ពីបទ ញុះញង់ឱ្យមានការរើសអើង។ ក្រោយពីបានទទួលសំណុំងរឿងនេះពី អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីស្តាប់ចម្លើយជនត្រូវចោទ ព្រមទាំងពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្នលើជនត្រូវចោទឈ្មោះ នី ណាក់ ភេទប្រុសកើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី៕




Theme images by Radius Images. Powered by Blogger.