អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សារព័ត៌មានចំនួន ២៧អង្គភាព នៅក្រុងប៉ោយប៉ែត បង្កើតកម្មវិធីអាហារសាមគ្គី ក្រោមប្រធានបទ “រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីសង្គមជាតិ” - Read News TV

សារព័ត៌មានចំនួន ២៧អង្គភាព នៅក្រុងប៉ោយប៉ែត បង្កើតកម្មវិធីអាហារសាមគ្គី ក្រោមប្រធានបទ “រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីសង្គមជាតិ”

ក្រុងប៉ោយប៉ែត៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រធានអង្គភាព និងជាចាងហ្វាងសារព័ត៌មានក្រុងប៉ោយប៉ែត បានសមោហភាពបង្កើតកម្មវិធីអាហារសាមគ្គី ក្រោមប្រធានបទ “រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីសង្គមជាតិ” ក្នុងនោះមានការចូលរួមពីអង្គភាពសារព័ត៌មានចំនួន ២៧អង្គភាព ដែលជាអង្គភាពមានច្បាប់អាជីវកម្ម សារព័ត៌មាន ហើយមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ។ សូមបញ្ជាក់ផងដែរ នេះជាលើកទី២ហើយ ដែលកម្មវិធីនេះបានបង្កើតឡើង ដោយគោលបំណងរួម ដូចក្នុងប្រធានបទក្នុងកម្មវិធីដោយផ្អែកជជែកខ្លឹមសារដូចខាងក្រោម៖

ប្រភេទនៃព័ត៌មានក្លែងក្លាយ និងវិធីសាស្រ្តមើលព័ត៌មានពិត ឬក្លែងក្លាយ
ព័ត៌មានក្លែងក្លាយ សំដៅទៅលើរបាយការណ៍មិនពិត ឬព័ត៌មានមិនពិត ដែលត្រូវបានចែករំលែកក្នុងទម្រង់ជាអត្ថបទ រូបភាព វីដេអូ ឬទម្រង់ផ្សេងៗ ដោយក្លែងបន្លំថាជាព័ត៌មានពិត។ ព័ត៌មានក្លែងក្លាយ ត្រូវបានបង្កើតឡើង ដោយបុគ្គល ឬក្រុម ដែលធ្វើសកម្មភាព ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬហេតុផលនយោបាយ ហេតុផលសេដ្ឋកិច្ចជាដើម។

តើព័ត៌មានក្លែងក្លាយមានប៉ុន្មានប្រភេទ?
យោងតាមការកំណត់ន័យរបស់អង្គការ UNESCO បានបង្ហាញថា ព័ត៌មានក្លែងក្លាយ ត្រូវបានបែងចែកជា ២ប្រភេទ ដូចជា ព័ត៌មានដែលដឹងមកខុស (Misinformation) និងព័ត៌មានមិនពិត (Disinformation)។ ព័ត៌មានដែលដឹងមកខុស និងព័ត៌មានមិនពិត ត្រូវបានកំណត់ថាជាព័ត៌មានមិនត្រឹមត្រូវដូចគ្នា ប៉ុន្តែមានខ្លឹមសារស្នូលដែលយើងអាចកំណត់ភាពខុសគ្នាបាន។
ព័ត៌មានដែលដឹងមកខុស សំដៅទៅលើកំហុស ដែលកើតឡើងដោយអចេតនារបស់អ្នកផ្សព្វផ្សាយ ឬចែករំលែកព័ត៌មាន។ ការផ្សាព្វផ្សាយព័ត៌មាននេះ គ្មានចេតនាបំភ្លៃ ឬព្យាបាទបុគ្គល ឬស្ថាប័នណាមួយឡើយ។
ព័ត៌មានមិនពិត សំដៅទៅលើកំហុសដែលកើតឡើង ដោយការប៉ុនប៉ងរៀបចំដោយចេតនា ដើម្បីបង្កើតការយល់ច្រឡំ ឬបំភាន់មនុស្ស តាមរយៈការចែកចាយព័ត៌មានគ្មានភាពស្មោះត្រង់។

វិធីសាស្ត្រចំនួន ៦ ដើម្បីកំណត់ព័ត៌មានក្លែងក្លាយ៖
១. ពិនិត្យប្រភព ៖ រឿងដំបូងដែលអាចជួយឱ្យយើងកំណត់ថា ព័ត៌មាននោះពិត ឬក្លែងក្លាយគឺត្រូវមើលទៅលើប្រភព។ តើគេហទំព័រ ដែលផ្សព្វផ្សាយព័ត៌មាននោះមកពីស្ថាប័នណា? អ្នកណាអ្នកសរសេរ? តើអត្ថបទនេះសរសេរបានល្អដែរឬទេ? តើវាទំនងជាការពិតដែរ ឬទេ? តើស្ថាប័នព័ត៌មានផ្សេងៗផ្សព្វផ្សាយអំពីរឿងនេះដែរឬទេ?

២. ស្រាវជ្រាវរឿងនោះនៅគេហទំព័រផ្សេងៗ ៖ អ្នកអាចរកមើលថា តើរឿងដែលអ្នកកំពុងអាននេះ មាននៅលើគេហទំព័រព័ត៌មានផ្សេងៗ ដែលអ្នកអាចជឿទុកចិត្តបានដែរឬទេ។ ប្រសិនបើអ្នកអាចរកឃើញវានៅលើគេហទំព័រជាច្រើនទៀត នោះប្រហែលជាមិនមែនព័ត៌មានក្លែងក្លាយឡើយ (ចំណុចនេះ ក៏មានករណីលើកលែងខ្លះដែរ) ព្រោះមុននឹងស្ថានប័នធំៗចុះផ្សាយ គេតែត្រួតពិនិត្យទៅលើប្រភពយ៉ាងល្អិតល្អន់។

៣. ត្រិះរិះពិចារណាពេលអាន ៖ មូលហេតុចម្បងមួយ ដែលនាំឱ្យព័ត៌មានក្លែងក្លាយ ត្រូវបានគេចាត់ទុកថាជាបញ្ហាធំ ព្រោះវាជារឿងដែលមនុស្សងាយជឿ និងចែកចាយ ដែលអាចបង្កជាបញ្ហាចលាចលក្នុងសង្គម។ ព័ត៌មានបែបនេះ ត្រូវបានសរសេរដោយប្រើពាក្យរស៊ើបខ្លាំង ដែលជំរុញឱ្យមានការចាប់អារម្មណ៍ ភ័យខ្លាច ឬកើតមានកំហឹងជាដើម។ ចំណុចនេះ មានន័យថា អ្នកអានត្រូវប្រើការគិតឱ្យបានល្អិតល្អន់មុននឹងជឿទៅលើរឿងរ៉ាវនោះ។

៤. ពិនិត្យភស្ដុតាង ៖ ព័ត៌មានដែលគួរឱ្យទុកចិត្តបាន ជាទូទៅរួមបញ្ចូលនូវព្រឹត្តិការណ៍ពិតជាច្រើន ដូចជា សម្រង់ពាក្យសម្ដីអ្នកជំនាញ ទិន្នន័យស្ទង់មតិ ស្ថិតិផ្លូវការ សាក្សីច្បាស់លាស់ និងមានការបញ្ជាក់ពីមនុស្សនៅកន្លែងកើតហេតុ។ ប្រសិនបើព័ត៌មានមួយមិនមានចំណុចទាំងនេះ អ្នកត្រូវសួរខ្លួនឯងថា ព័ត៌មានដែលអ្នកកំពុងអានគួរឱ្យទុកចិត្តដែរឬទេ។

៥. សង្កេតរូបភាពក្លែងក្លាយ ៖ ព័ត៌មានក្លែងក្លាយភាគច្រើន ប្រើរូបភាពកាត់ត ឬយកចេញពីគេហទំព័រផ្សេងៗ។ ដូច្នេះ អ្នកត្រូវពិនិត្យមើលឱ្យបានល្អិតល្អន់ទៅលើរូបភាព ដើម្បីដឹងថារូបនោះជារូបភាពពិត ឬក្លែងក្លាយ។ ប្រសិនបើអ្នកមិនច្បាស់ថា រូបនោះពិតឬអត់ អ្នកអាចប្រើកម្មវិធី Google Reverse Image Search ដើម្បីជាជំនួយក្នុងការកំណត់។ វានឹងបង្ហាញប្រាប់អ្នកថា រូបភាពដូចគ្នានេះ ត្រូវបានគេប្រើក្នុងបរិបទផ្សេងដែរឬទេ។

៦. តើស្ដាប់ទៅសមហេតុផលឬអត់? ៖ ចំណុចចុងក្រោយ អ្នកត្រូវប្រើសុភវិនិច្ឆ័យរបស់ខ្លួនកំណត់ថា តើព័ត៌មាននេះ ស្ដាប់ទៅសមហេតុសមផល ជាការពិតដែរទេ? សូមចងចាំថា ព័ត៌មានក្លែងក្លាយ ត្រូវបានបង្កើតឡើង ដើម្បីបង្កើតការភ័យខ្លាច ភាពលំអៀង និងក្ដីសង្ឃឹមណាមួយ។
សូមជម្រាបជូនថា ការចូលរួមពីសំណាក់សាធារណៈជនពិតជាមានសារៈសំខាន់ ក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅក្នុងសង្គម។ សមត្ថភាពក្នុងការកំណត់សម្គាល់ព័ត៌មានក្លែងក្លាយ នឹងជំរុញឱ្យមានធានាបាននូវការទប់ស្កាត់សកម្មភាពបំពុលសង្គម និងបទល្មើសផ្សេងៗនៅលើបណ្ដាញសង្គម និងអ៊ីនធឺណិត ព័ត៌មានក្លែងក្លាយ ក៏អាចធ្វើឱ្យយើងមានសង្គ្រាមបានដែល ប្រសិនបើព័ត៌មាននោះ ប៉ះពាល់ផ្នែកនយោបាយ។
ការដែលបង្កើតកម្មវិធី និងក្រុមនេះឡើង ដើម្បីចូលរួមចំណែកទប់ស្កាត់ នូវព័ត៌មានក្លែងក្លាយមិនឲ្យកើតមាននៅក្នុងមូលដ្ឋាន ក៏ដូចជានៅក្នុងប្រទេសរបស់យើង៕
កម្រងរូបភាពកម្មវិធី





























Theme images by Radius Images. Powered by Blogger.