អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ពិធីបុណ្យទន្លេនៅខេត្តសៀមរាបឆ្នាំនេះ គ្រោងធ្វើទ្រង់ទ្រាយធំ និងប្លែកជាងរាល់ឆ្នាំ ដើម្បីទាក់ទាញអ្នកទេសចរ - Read News TV

ពិធីបុណ្យទន្លេនៅខេត្តសៀមរាបឆ្នាំនេះ គ្រោងធ្វើទ្រង់ទ្រាយធំ និងប្លែកជាងរាល់ឆ្នាំ ដើម្បីទាក់ទាញអ្នកទេសចរ

ភ្នំពេញ៖ យោងតាមសន្និសីទសារព័ត៌មានរួមគ្នាមួយ រវាងក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការត្រៀមរៀបចំពិធី «បុណ្យទន្លេលើកទី៨» ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៦ និង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ គ្រោងនឹងរៀបចំសកម្មភាពកម្សាន្តជាច្រើន ពោលគឺ ធ្វើធំជាងឆ្នាំមុនៗ ប្លែក ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទាក់ទាញអ្នកទេសចរមកទស្សនានៅក្នុងខេត្តសៀមរា ក៏ដូចជាប្រទេសកម្ពុជា។


ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងមានការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ដែលមានការចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរ និងយុទ្ធនាការឆ្នាំទស្សនា សៀមរាប ២០២៤។ ក្រៅពីនេះ ក៏មានការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ព្រមទាំងសកម្មភាពកម្សាន្តនានានៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street ផងដែរ។

ព្រឹត្តិការណ៍នេះ នឹងមានភ្ញៀវកិត្តិយសអន្តរជាតិសំខាន់ៗចំនួន ១០០នាក់ មកពី ៧២ប្រទេស និងអ្នកកាសែតជាតិ អន្តរជាតិចូលរួមផ្តិតយករូបភាព ដើម្បីផ្សព្វផ្សាយពីព្រឹត្តិការណ៍ដ៏កម្រនេះផងដែរ។ ព្រឹត្តិការណ៍នេះជាការរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ និងបង្កើនការផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តតាមដងទន្លេរបស់កម្ពុជា ព្រមទាំងជួយជំរុញផ្សព្វផ្សាយផងដែរនូវភាពសម្បូរបែបនៃតំបន់អង្គរ។

ក្នុងឆ្នាំ២០២៤ ក្រសួងទេសចរណ៍រំពឹងថា នឹងទទួលបានភ្ញៀវទេសចរប្រហាក់ប្រហែលឆ្នាំ២០១៩ ជាឆ្នាំដែលកម្ពុជាទទួលបានភ្ញៀវទេសចរណ៍ខ្ពស់បំផុតគឺ ៦,៦លាននាក់ ខណៈឆ្នាំ២០២៣ ក្រសួងបានអះអាងថា ទទួលបានភ្ញៀវទេសចរជាង ៥,៥លាននាក់។

សូមបញ្ជាក់ថា កម្ពុជាបានរៀបចំបុណ្យទន្លេ បានចំនួន៧លើករួចមកហើយ ដោយលើកទី១ ឆ្នាំ២០១៥ ធ្វើនៅខេត្តក្រចេះ, លើកទី២ ឆ្នាំ២០១៦ ធ្វើនៅខេត្តកំពង់ចាម និងត្បូងឃ្មុំ, លើកទី៣ ឆ្នាំ២០១៧ ធ្វើនៅខេត្តស្ទឹងត្រែង, លើកទី៤ ឆ្នាំ២០១៨ ធ្វើនៅខេត្តកណ្តាល, លើកទី៥ ឆ្នាំ២០១៩ ធ្វើនៅខេត្តកំពង់ឆ្នាំង, លើកទី៦ ឆ្នាំ២០២០ ធ្វើនៅខេត្តបាត់ដំបង, ឆ្នាំ២០២១ និង២០២២ ខកខានដោយសារកូវីដ-១៩ និងលើកទី៧ ឆ្នាំ២០២៣ ធ្វើនៅខេត្តកំពង់ធំ។ សម្រាប់ឆ្នាំ២០២៤ ធ្វើនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦ និងថ្ងៃទី១៧ ខែមីនា៕












Theme images by Radius Images. Powered by Blogger.