បង្ក្រាបទីតាំងផលិតលក់ និងរក្សាទុកឧបករណ៍ឆក់ត្រីខុសច្បាប់ រឹបអូសឧបករណ៍ឆក់បាន៣៧គ្រឿង និងឃាត់ខ្លួនម្ចាស់ បញ្ជូនទៅតុលាការ
ក្រចេះ៖ មន្រ្តីខណ្ឌរដ្ឋបាលជលផលក្រចេះ មន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ សហការជាកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងអាជ្ញាធរ មូលដ្ឋាន ដឹកនាំសម្របសម្រួលដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបងខេត្តបានចុះបង្ក្រាប ទីតាំងផលិតទិញលក់និងរក្សា ទុកឧបករណ៍ឆក់ត្រីមួយកន្លែង ស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី២៩ ខែកុម្ភៈឆ្នាំ២០២៤ ។

នៅក្នុងប្រតិបត្តិការចុះបង្ក្រាបនោះកម្លាំងសមត្ថកិច្ចជំនាញក៏បានឃាត់ខ្លួន ម្ចាស់ទីតាំង ម្នាក់មានឈ្មោះ សៀង សៀកត្រាយ ជាតិខ្មែរ ភេទប្រុស អាយុ៣១ឆ្នាំ និងរឹបអូសវត្ថុតាំងរួមមាន ឧបករណ៍ឆក់ត្រីប្រភេទស្រូប និងក្ដៅនាំ ចូលពីប្រទេសចិនចំនួន ២២ គ្រឿង និងឧបករណ៍ឆក់ត្រី (ឆក់ក្ដៅ) ចំនួន១៥គ្រឿង និងប្រអប់ឈើសម្រាប់កែឧបករណ៍ឆក់ត្រី ចំនួន២៨០ ប្រអប់ផងដែរ។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានឱ្យដឹងដែរថាចំពោះវត្ថុតាំងទាំងអស់និងម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចនាំមកខណ្ឌរដ្ឋបាលជលផលក្រចេះ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ស្តីពីជលផល។
លោកបន្តថា ចំពោះការក្សាទុកឧបករណ៍ឆក់គឺជាអំពើល្មើស ត្រូវផ្ដន្ទាទោសក្រុមបទល្មើសជលផលថ្នាក់ទី២ ដែលត្រូវដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំឬពិន័យជាប្រាក់ពី៥លានទៅ ៥០លានរៀល ៕




Post a Comment