អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញសក្តានុកម្ពុជា និងអំពាវនាវឱ្យអ្នកវិនិយោគម៉ាឡេស៊ី ពិនិត្យសិក្សាវិនិយោគនៅកម្ពុជា - Read News TV

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញសក្តានុកម្ពុជា និងអំពាវនាវឱ្យអ្នកវិនិយោគម៉ាឡេស៊ី ពិនិត្យសិក្សាវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងជំរុញលើកទឹកចិត្តវិនិយោគិនម៉ាឡេស៊ី បណ្តាវិស័យឯកជនម៉ាឡេស៊ី ស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពល។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញលើកទឹកចិត្តក្រុមហ៊ុនរបស់ម៉ាឡេស៊ី ស្វែងរកដៃគូ និងវិនិយោគបន្ថែមនៅកម្ពុជា ។

ការបង្ហាញសក្តានុពល និងអំពាវនាវនេះក្នុងឱកាស នៃការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិការធុរកិច្ចកម្ពុជា -ម៉ាឡេស៊ី ដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មម៉ាឡេស៊ី ក្រោម ភាពជាដៃគូជាមួយសភាពាណិជ្ជកម្មនិង ឧស្សហកកម្មជាតិម៉ាឡេស៊ី នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាស នៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរដល់សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្ម ម៉ាឡេស៊ី រួម និង សភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ីដែលបានរៀបចំវេទិការធុរកិច្ចនេះឡើងដើម្បីជំរុញពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពី ទំនាក់ទំនងទ្វេភាគីយូរអង្វែងរវាងរដ្ឋាភិបាល និងវិស័យឯកជន នៃ ប្រទេសកម្ពុជា និងម៉ាឡេស៊ី ។ សម្តេចធិបតីបានលើកឡើងពីសារៈសំខាន់ នៃការវិនិយោគរបស់ម៉ាឡេស៊ីនៅកម្ពុជា ដោយកត់សម្គាល់ថា ម៉ាឡេស៊ីឈរនៅក្នុងចំណោមវិនិយោគិនបរទេសដំបូងគេ និងធំជាងគេបំផុត។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសម្តែងសុទិដ្ឋិនិយមចំពោះសមត្ថភាពរបស់វេទិកានេះក្នុងការជំរុញយុគសម័យថ្មី នៃភាពជោគជ័យសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីជាពិសេសនៅក្នុងឧស្សាហកម្មដូចជា អង្ករ គ្រាប់ស្វាយ ចន្ទី យានយន្ត អេឡិចត្រូនិក និងថាមពលកកើតឡើងវិញ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា  (ASEAN-BAC Cambodia) បានថ្លែងសុន្ទរកថាគន្លឹះ ដោយបានសង្កត់ធ្ងន់លើភាពលេចធ្លោ នៃការវិនិយោគរបស់ម៉ាឡេស៊ីនៅកម្ពុជា និងស្ថានភាពពាណិជ្ជកម្មទ្វេភាគីនាពេលបច្ចុប្បន្ន។ អ្នកឧកញ៉ា បានជំរុញវិនិយោគិនម៉ាឡេស៊ីឱ្យទាញយកប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងអាស៊ាន ច្បាប់ វិនិយោគ និងគោលនយោបាយបើកចំហ និង កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានអត្ថប្រយោជន៍រួមទាំងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន កូរ៉េខាងត្បូង និងអេមីរ៉េតអារ៉ាប់រួម (UAE)។

លោកឧកញ៉ា តាន់ ឃី ម៉េង ចែករំលែក នូវភាពជោគជ័យរបស់វិនិយោគិនម៉ាឡេស៊ីនៅកម្ពុជា ក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ។ លោកបានលើកទឹកចិត្តដល់ក្រុមហ៊ុនម៉ាឡេស៊ីឱ្យចាប់យកឱកាសដ៏សម្បូរបែបដែលកំពុងរង់ចាំនៅក្នុង វិស័យដូចជា ថាមពលកកើតឡើងវិញ កសិ-កែច្នៃ ផលិតផលហាឡាល់ និងសួន ឧស្សាហកម្មនៅកម្ពុជា។

លោក Tan Sri Dato' Soh Thian Lai ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិ នៃប្រទេសម៉ាឡេស៊ី (NCCIM) បានចែករំលែកទស្សនៈរបស់លោកអំពីសមត្ថភាពរបស់ប្រទេសម៉ាឡេស៊ីក្នុងការបង្កើនភាពខ្លាំងរបស់ខ្លួននៅក្នុងឧស្សាហកម្មដែលត្រូវបានទទួលស្គាល់យ៉ាងខ្លាំងរួចមក ហើយដូចជាការកែច្នៃកៅស៊ូ និង ប្រេង ដូង ឱសថ បច្ចេកវិទ្យាវេជ្ជសាស្ត្រ និងអេឡិច ត្រូនិក ព្រមទាំង សក្តានុពលនៃការបង្កើត សួនឧស្សាហ កម្មនៅកម្ពុជា ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទំនើប និងទូរគមនាគមន៍ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត និងជំរុញពាណិជ្ជកម្មរវាងប្រទេស ទាំងពីរ។

ក្នុងឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈចំនួន២ ៖ទី១. អនុស្សរណៈយោគយល់រវាងសភា ពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី។ ទី២. អនុស្សរណៈយោគយល់រវាងសភា ពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម ម៉ាឡេស៊ីនៅកម្ពុជា។

គោលបំណងសំខាន់ នៃវេទិកានេះ គឺដើម្បីជំរុញពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី ដែលមានការអញ្ជើញចូលរួមពីក្រុមហ៊ុនធំៗរបស់ប្រទេសទាំងពីរ ដើម្បីពិភាក្សា និង ពិនិត្យលទ្ធភាពសហប្រតិបត្តិការលើគម្រោងវិនិយោគនានា៕






Theme images by Radius Images. Powered by Blogger.