អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ពលរដ្ឋរាប់ពាន់នាក់ព្យាយាមចាកចេញពីប្រទេសមីយ៉ាន់ម៉ា ក្រោយរបបយោធាប្រកាសកាតព្វកិច្ចចូលបម្រើកងទ័ព - Read News TV

ពលរដ្ឋរាប់ពាន់នាក់ព្យាយាមចាកចេញពីប្រទេសមីយ៉ាន់ម៉ា ក្រោយរបបយោធាប្រកាសកាតព្វកិច្ចចូលបម្រើកងទ័ព

មីយ៉ាន់ម៉ា៖ មនុស្សជាង ១,០០០ នាក់ទៅតម្រង់ជួរគ្នានៅឯស្ថានទូតថៃក្នុងទីក្រុងយ៉ាំងហ្គោនកាលពីថ្ងៃសុក្រ ជាពិសេសមនុស្សប្រុសស្រីក្មេងៗកំពុងតែព្យាយាមចាកចេញពីប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរបបយោធាបានប្រកាសថា ខ្លួននឹងដាក់កាតព្វកិច្ចសម្រាប់មនុស្សប្រុសស្រីឱ្យចូលបម្រើនៅក្នុងយោធា។

កាលពីចុងសប្តាហ៍មុន របបយោធានិយាយថា ខ្លួននឹងអនុវត្តច្បាប់ដែលអាចកែនពលរដ្ឋទាំងអស់ រួមមាន យុវជនដែលមានអាយុចន្លោះពី ១៨ ទៅ ៣៥ ឆ្នាំ និងស្ត្រីមានអាយុចាប់ពី ១៨ ដល់ ២៧ ឆ្នាំឱ្យចូលបម្រើកងទ័ពយ៉ាងហោចណាស់ពីរឆ្នាំ ស្របពេលរបបនេះ កំពុងតស៊ូដើម្បីកម្ចាត់ក្រុមប្រឆាំងនឹងរដ្ឋប្រហារកាលពីឆ្នាំ ២០២១ របស់ខ្លួន។
បច្ចុប្បន្ននេះ របបយោធាកំពុងតែប្រឈមមុខនឹងការតស៊ូប្រដាប់អាវុធជាបន្តបន្ទាប់ ពីសំណាក់សម្ព័ន្ធប្រដាប់អាវុធក្រុមជនជាតិភាគតិច ដោយពួកគេព្យាយាមប្រឆាំងនឹងការគ្រប់គ្រងរបស់របបយោធា បន្ទាប់ពីលោក មីន អ៊ុងឡាំង បានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់របស់លោកស្រី អ៊ុងសាន ស៊ូជី ហើយថ្មីៗនេះ របបយោធាទទួលរងនូវការខាតបង់ដ៏គួរឱ្យភ្ញាក់ផ្អើលជាហូហែ ។
ស្ថានទូតថៃនៅក្នុងទីក្រុងយ៉ាំងហ្គោន ពោរពេញដោយយុវជន និងយុវនារីដែលកំពុងតែស្វះស្វែងរកទិដ្ឋាការដើម្បីអាចចាកចេញពីប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរបបយោធាបានប្រកាសកាតព្វកិច្ចនេះកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ថា "កាតព្វកិច្ចចូលបម្រើយោធាសម្រាប់ប្រជាជន" នឹងត្រូវចូលជាធរមាន ។
នៅថ្ងៃដដែលនេះ អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន AFP បានបញ្ជាក់ថា មុនការប្រកាសកាលពីថ្ងៃសៅរ៍ គេឃើញមានមនុស្សតិចជាង ១០០ នាក់ដែលមានវត្តមាននៅក្បែរស្ថានទូត ប៉ុន្តែបន្ទាប់ពីរបបយោធាប្រកាសបែបនោះរួចមក ឃើញថាមានមនុស្សចន្លោះពី ១,០០០ ទៅ ២,០០០ នាក់មានវត្តមាននៅទីនោះ ស្របពេលស្ថានទូតនិយាយថា ខ្លួនកំពុងតែចេញសំបុត្ររង់ចាំចំនួន៤០០សន្លឹកក្នុងមួយថ្ងៃដើម្បីគ្រប់គ្រងអ្នកមកតម្រង់ជួរ ។
ថ្លែងប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP និស្សិតអាយុ ២០ ឆ្នាំម្នាក់ឈ្មោះ អ៊ុងផ្យូ (Aung Phyo) អះអាងថា ខ្លួនមកដល់ស្ថានទូតនៅម៉ោង ៨ យប់ថ្ងៃព្រហស្បតិ៍ ហើយបានសម្រាកនៅក្នុងឡាន មុនពេលចាប់ផ្តើមតម្រង់ជួរចាប់លេខនៅពាក់កណ្តាលអធ្រាត្រ ដោយត្រូវរង់ចាំ៣ម៉ោងនៅពេលសន្តិសុខបើច្រកទ្វាសុវត្ថិភាពនៅម៉ោង ៣ ទៀបភ្លឺ ។ អ៊ុងផ្យូ បានរៀបរាប់ដែរថា ខ្ញុំនឹងទៅទីក្រុងបាងកកជាមួយនឹងទិដ្ឋាការទេសចរណ៍ ហើយសង្ឃឹមថានឹងស្នាក់នៅទីនោះមួយរយៈ។ ខ្ញុំមិនទាន់សម្រេចចិត្តទៅធ្វើការ ឬរៀននៅឡើយទេ។ ខ្ញុំគ្រាន់តែចង់រត់ចេញពីប្រទេសនេះ ៕





Theme images by Radius Images. Powered by Blogger.