ស្នងការនគរបាលខេត្តកំពត ដាក់ស្លាកសញ្ញាកំណត់ល្បឿនបីផ្ទាំងធំៗ ដើម្បីងាយស្រួលមើល និងព្រមានអនុវត្តវិន័យចំពោះមន្ត្រីនគរបាលណា ដែលលបលួចបាញ់ល្បឿនពីក្នុងឡាន ឬពីកម្ពតព្រៃ
កំពត៖ ក្រោយពីបានទទួលសំណូមពរ ព្រមទាំងការផ្តល់មតិពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវពាក់ព័ន្ធនឹងស្លាកសញ្ញាកំណត់ល្បឿន ដោយសារតែតូច ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានធ្វើស្លាកសញ្ញាកំណត់ល្បឿនដែលមានទំហំ ១,៥០ម៉ែត្រ គុណនឹង ១,៥០ម៉ែត្រ ដើម្បីតាមគោលដៅបាញ់ល្បឿនតាមបណ្តោយផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ។
នេះបើយោងតាមការចុះផ្សាយជាសាធារណៈលើហ្វេសបុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតកាលពីថ្ងៃទី១៧ ខែកម្ភៈ ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា “ដោយសារមានសំណូមពរ ក៏ដូចជាការផ្តល់មតិជាច្រើនពីបងប្អូនប្រជាពលរដ្ឋទាំងអស់ពាក់ពន្ធ័ស្លាកសញ្ញាកំណត់ល្បឿនតូចមើលមិនឃើញ យើងខ្ញុំបានធ្វើស្លាកសញ្ញាកំណត់ល្បឿនដែលមានទំហំ 1,50m* 1,50m ចំនួនបីផ្ទាំងចាប់ពីព្រំប្រទល់នរាយណ៍ស្រុកឈូករហូតដល់ក្លោងទ្វារចូលក្រុងកំពតដែលមានចម្ងាយប្រហែល 50 គីឡូម៉ែត្រ ដើម្បីងាយស្រួលបងប្អូនមើលឃើញ នេះជាគំរូស្លាកសញ្ញាដែលយើងខ្ញុំរៀបចំ ហើយស្អែកនេះយើងខ្ញុំនិងរៀបចំយកទៅតំឡើងនៅតាមគោលដៅដែលយើងបានគ្រោងទុក។
ចំពោះការចុះបាញ់ល្បឿនក៏យើងខ្ញុំនៅបន្តប្រាប់បងប្អូនមុនមួយថ្ងៃដដែល សង្ឃឹមថាបងប្អូននិងចូលរួមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា ដោយក្តីគោរពស្រលាញ់ចំពោះបងប្អូនជនរួមជាតិទាំងអស់និងសូមធ្វើដំណើរទីជិតទីឆ្ងាយប្រកបដោយសុវត្ថិភាពខ្ពស់ ។”បន្ទាប់ពីបានធ្វើស្លាកសញ្ញាកំណត់ល្បឿន និងដាក់នៅតាមទីតាំងដែលបានកំណត់រួច យោងតាមការចុះផ្សាយរបស់ហ្វេសបុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ស្លាកសញ្ញាកំណត់ល្បឿនបានយកទៅចាប់នៅតាមគោលដៅដែលបានកំណត់ ហើយពេលរួចរាល់និងមានការជូនដំណឹងមុនពីទីតាំងដែលបានដាក់។
ជាមួយគ្នានោះដែរ ក្នុងសំណេរចុះផ្សាយដដែលបានបញ្ជាក់ថា ក្នុងការចុះអនុវត្តបាញ់ល្បឿនប្រសិនជាអ្នកធ្វើដំណើរទាំងអស់បានឃើញមន្ត្រីនគរបាលណាម្នាក់លបលួចបាញ់ល្បឿនចេញពីក្នុងឡាន ឬពីក្នុងកម្ពតព្រៃ សូមថតរូបឱ្យបាន ហើយរាយការណ៍មកកាន់ស្នងការដ្ឋាននគរបាលខេត្ត នោះលោកស្នងការនឹងអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ ចំពោះបុគ្គលដែលបានប្រព្រឹត្តខុស។
ក្នុងសំណេរដែលបានបង្ហោះក្នុងហ្វេសបុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តមានខ្លឹមសារថា “ល្មមមើលឃើញទេបាទ នៅថ្ងៃទី 18.02.24 ស្លាកសញ្ញាកំណត់ល្បឿនបានយកទៅចាប់នៅតាមគោលដៅដែលបានកំណត់ នៅពេលតម្លើងរួចខ្ញុំនិងប្រាប់អំពីគោលដៅតាំងបីស្លាកដែលបានតម្លើងក្នុងភូមិសាស្ត្រនីមួយៗ ។
នៅពេលចុះបាញ់ល្បឿនប្រសិនបើមន្ត្រីចរាចរណ៍របស់ខ្ញុំណាម្នាក់លបលួចបាញ់ល្បឿនពីក្នុងឡាន ពីក្នុងកម្ពតព្រៃខុសពីគោលការណ៍ណែនាំរបស់ខ្ញុំ សូមថតអោយបាន ខ្ញុំនឹងអនុវត្តវិន័យកងកំលាំងនគរបាលជាតិចំពោះបុគ្គលដែលប្រព្រឹត្តខុស។”
សូមបញ្ចាក់ថា ចំពោះការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយបាញ់ល្បឿននៅលើផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តកំពត ស្នងការនគរបាលខេត្តនឹងជូនដំណឹងដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរមុនពេលអនុវត្តមួយថ្ងៃមុន៕





Post a Comment