លោក ប៉ែន បូណា៖ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជារាជរដ្ឋាភិបាលប្រើពេលតិច តែធ្វើបានច្រើន
ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានឱ្យដឹងថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ មានរយៈពេល ៦ខែ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំរាជរដ្ឋាភិបាលនីតិកាល៧ បន្តពីសម្តេចតេជោ ហ៊ុន សែន។ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបានសមិទ្ធផលជាច្រើនជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ក្នុងរយៈពេល ៦ខែមកនេះ។ ការអះអាងដូចនេះក្នុងសន្និសីទសារព័ត៌មានបង្ហាញសមិទ្ធផលការងារ ៦ខែ នៃការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក ប៉ែន បូណា បានអះអាងថា សមិទ្ធផលនៃគោលនយោបាយអាទិភាពទាំង ៦ ដែលសម្រេចបានរួមមាន៖
ទី១. ការពង្រីកសេវាសុខាភិបាល៖ ក្រោយការប្រកាសដាក់ឱ្យអនុវត្តកាលពីចុងឆ្នាំ២០២៣ ក្រសួងពាក់ព័ន្ធមានក្រសួងសុខាភិបាល និងក្រសួងការងារ បានអនុវត្តយ៉ាងសកម្ម និងបានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ការផ្តល់សេវាសុខាភិបាល ទី១ ការពង្រីកតាមរយៈមូលនិធិសមធម៌សុខាភិបាល និងទី២ ការពង្រីកសេវាសុខាភិបាលតាមរយៈរបបសន្តិសុខសង្គម (បសស) តាមរបបភាគទានស្ម័គ្រចិត្ត ក្នុងនោះអ្នកនៅក្នុងបន្ទុកនៃសមាជិក ប.ស.ស និងបុគ្គលស្វ័យនិយោជន៍ (អ្នកដែលប្រកបរបររកទទួលទានដោយខ្លួនឯងនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ)។ គិតមកទល់ដើមឆ្នាំ២០២៤ មានអ្នកចុះឈ្មោះជាង ១៣ម៉ឺននាក់ ហើយកម្មវិធីទាំងពីរនេះគ្របដណ្តប់លើពលរដ្ឋចំនួនជិត ៧លាននាក់ ដែលប្រហាក់ប្រហែល ៤០ភាគរយ នៃប្រជាជនសរុប។ ការណ៍នេះជាគោលបំណងរបស់សម្តេចធិបតី មិនត្រឹមតែផ្តល់ជូនសេវាសុខាភិបាលគ្រប់គ្នាទេ តែជាសេវាដែលមានគុណភាព ពោលគឺ គ្រូពេទ្យពូកែ ធ្វើរោគវិនិច្ឆ័យច្បាស់ ដាក់ថ្នាំត្រូវ ហើយជាថ្នាំមានគុណភាព។
ទី២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេស៖ តាមគម្រោងគឺបណ្តុះបណ្តាល ១លាន ៥សែននាក់ ដោយឥតបង់ប្រាក់ និងទទួលបានការឧបត្ថម្ភ ២៨ម៉ឺនរៀលក្នុងមួយខែ។ បច្ចុប្បន្ន មានអ្នកចុះឈ្មោះជិត ៣ម៉ឺននាក់ហើយ។ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្រសួងការងារបានប្រកាសបើកបវេសនកាលនៃវគ្គបណ្តុះបណ្តាលត្រូវបានបើកធ្វើដោយមានចំនួន ៦៧៣ថ្នាក់។ កំពុងបន្តធ្វើ និងពង្រីក សកម្មភាពទៀត មិនយូរទេ ១,៥លាននាក់ នឹងគ្រប់ចំនួន មានជំនាញ អាចរកចំណូលបាន។
ទី៣. កម្មវិធីជាតិជំនួយសង្គម៖ មានពីរប្រភេទ ទី១ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ជាកម្មវិធីឧបត្ថមសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, ផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រថ្នាក់បឋម និងមធ្យមសិក្សា, ឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, ឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរាអាយុ ៦០ឆ្នាំឡើង។ទី២ កិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន (ខ្យល់ព្យុះ ទឹកជំនន់), វិបត្តិសុខភាពសាធារណៈ, វិបត្តិម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទី៤. យុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ មានប្រជាពលរដ្ឋជាច្រើនដែលប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទូទាំងប្រទេស។ កិច្ចការងារនេះធំ ប្រទាក់ក្រឡាគ្នាពីក្រសួង ដល់រាជធានី-ខេត្ត ដែលកំពុងមមាញឹកខ្លាំងដើម្បីរៀបចំប្រព័ន្ធការងារជាក់ស្តែងដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ទី៥. យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន៖ រាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកា ១០០លានដុល្លារ ក្នុងការចាប់ផ្តើម ហើយអាចវិភាជបន្ថែមប្រសិនបើចាំបាច់។ យន្តការនេះមានគោលដៅជួយកសិករឱ្យមានចំណូលខ្ពស់ មានលំនឹងផលិតកម្ម និងរក្សាសន្តិសុខស្បៀង ជាដើម។ ដើម្បីសម្រេចគោលដៅនេះ ក្រសួងកសិកម្ម និងពាណិជ្ជកម្ម កំពុងរួមគ្នាធ្វើកិច្ចការមួយចំនួន ដូចជា បង្កើតក្រុមការងារសម្របសម្រួលរួចហើយរវាងក្រសួងទាំងពីរ, ផ្តល់ការណែនាំដល់ថ្នាក់រាជធានី ខេត្ត ឱ្យបង្កើតក្រុមការងារចម្រុះ, តាមដានការវិវត្តតម្លៃស្រូវអង្ករក្នុងទីផ្សារតំបន់ និងពិភពលោក និងត្រៀមលក្ខណៈទិញស្រូវស្តុកទុកដើម្បីសន្តិសុខស្បៀង និងរក្សាលំនឹងតម្លៃ។
ទី៦. ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់៖ ឆ្លើយតបគោលនយោបាយនេះ ក្រសួងកសិកម្មសហការជាមួយក្រសួងមុខងារសាធារណៈបានរៀបចំប្រលងជ្រើសរើសមន្ត្រី ២៥០នាក់ ជំហានដំបូង និងកំណត់គោលដៅ ៨០០ឃុំ-សង្កាត់ បន្ថៃមទៀត សម្រាប់ជំហានទី២ នៅខែមេសា។
ក្រៅពីនេះ លោក ប៉ែន បូណា ក៏បានរំលេចនូវសមិទ្ធផលសំខាន់មួយចំនួនទៀត លើវិស័យយុត្តិធម៌ វិស័យមុខងារសាធារណៈ វិស័យដីធ្លី និងសន្តិសុខ ផងដែរ។
ពាក់ព័ន្ធវិស័យយុត្តិធម៌ ក្រសួងយុត្តិធម៌ បានដាក់ចេញកំណែទម្រង់មុតស្រួច និងសកម្ម។ ក្នុងនោះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចាប់ផ្តើមទទួលពាក្យបណ្តឹងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ដោយបានដាក់ចេញនូវយុទ្ធនាការចំនួន២ ដែលបានចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៤ ដោយបានជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ បន្ថែមពីលើនោះ គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ មានគោលបំណងធានាយុត្តិធម៌ជូនប្រជាពលរដ្ឋ។
ចំពោះវិស័យមុខងារសាធារណៈ ក្នុងវិស័យនេះ ក្រសួងមុខងារសាធារណៈ ដឹកនាំដោយលោក ហ៊ុន ម៉ានី ដឹកនាំកំណែទម្រង់ច្រើនយ៉ាង ក្នុងនោះរៀបចំការប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារចំនួនពីរលើករួចមកហើយរួមមាន ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ២៥០នាក់ និងជ្រើសរើសគ្រូអប់រំកាយ និងកីឡា ១០០នាក់។ ការប្រលងទាំងពីរលើនេះ ជាការប្រលងយ៉ាងល្អ តម្លាភាព ទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋាន។ និយាយរួមគ្មានភាពមិនប្រក្រតី គ្មានការសង្ស័យណាមួយកើតឡើង។ ក្រសួងមុខងារសាធារណៈ ក៏បាននិងកំពុងដឹកនាំធ្វើកំណែទម្រង់ជាច្រើនទៀតដូចជា ការពង្រឹងសមត្ថភាពស្ថាប័ន, ការពង្រឹងការគ្រប់គ្រង និងបង្កើនសមត្ថភាពមន្ត្រីរាជការ, លើកកម្ពស់ការផ្តល់សេវាសាធារណៈ ជាដើម។
ចពោះវិស័យដីធ្លី ក្រសួងកំពុងធ្វើការយ៉ាងសកម្មដើម្បីឈានទៅបង្កើតបរិយាកាសគ្មានវិវាទដីធ្លីនៅកម្ពុជា។ កិច្ចការនេះ ក្រសួងបានវាស់វែង និងចែកប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៥លានក្បាលដី ជូនប្រជាពលរដ្ឋ ដើម្បីបញ្ចប់ការងារវាស់វែង, គណៈកម្មការសូរិយោដីពិនិត្យ និងសម្រួលបញ្ហាបច្ចេកទេសវាស់វែងឱ្យបានត្រឹមត្រូវ, អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ខិតខំដោះស្រាយបានយ៉ាងច្រើន។ សរុបទៅវិវាទដីធ្លីបានធ្លាក់ចុះទាបបំផុតជាប្រវត្តិសាស្ត្រ។ បច្ចុប្បន្ន ក្រសួងបានបំពាក់គ្រឿងសម្ភារឌីជីថល ដើម្បីងាយស្រួលសម្រាប់ពលរដ្ឋផ្ទៀងផ្ទាត់។
ចំពោះការងារសន្តិសុខសុវត្ថិភាព៖ នៅថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅ សម្តេចធិបតី បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់រដ្ឋបានរាជធានីខេត្តឱ្យពិនិត្យឡើងវិញទីតាំងល្បែងផ្សងសំណាង។ បញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណថ្មី និងអាចឈានទៅដកអាជ្ញាប័ណ្ណទូទាំងប្រទេស។ ចំណែកក្រសួងមហាផ្ទៃវិញ បានបង្ក្រាបល្បែងស៊ីសង, បង្ក្រាបគ្រឿងញៀនជាង ៣,០០០ករណី និងរឹបអូសគ្រឿងញៀនជាង ៣០០គីឡូក្រាម ឃាត់ខ្លួនមនុស្សជាង ៨,០០០នាក់។ អាជ្ញាធរពាក់ព័ន្ធ ក៏បានអនុវត្តចំណាត់ការចាំបាច់នានាជាច្រើន ក្នុងគោលបំណង បង្កើតបរិយាកាសភូមិឃុំមានសុវត្ថិភាព។
លោក ប៉ែន បូណា បានសន្និដ្ឋានថា តាមរយៈសមិទ្ធផលខាងលើ រយៈពេល៦ខែនេះ រាជរដ្ឋាភិបាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជារាជរដ្ឋាភិបាលសកម្ម ហើយមានចក្ខុវិស័យច្បាស់លាស់, រាជរដ្ឋាភិបាលដែលមានមេដឹកនាំវ័យក្មេងតែបទពិសោធន៍ចាស់ទុំ, រាជរដ្ឋាភិបាលដែលប្រើពេលតិចតែធ្វើបានច្រើន, រាជរដ្ឋាភិបាលដែលមានប្រមុខដឹកនាំមិននិយាយតែមាត់ តែបង្ហាញលទ្ធផល។
លោក ប៉ែន បូណា បានមើលឃើញដែរថា ត្រឹម ៦ខែ ប្រជាប្រិយភាពនៃរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត បានហក់ឡើងយ៉ាងខ្ពស់ដោយទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងជាតិ និងអន្តរជាតិ។ ប្រជាពលរដ្ឋខ្មែរទាំងក្មេង ចាស់ ប្រុស ស្រី តាមដានសកម្មភាពរាជរដ្ឋាភិបាល និងបានឃើញភាពសកម្ម និងសមិទ្ធផលហួសការរំពឹងទុក ហើយពួកគេមានទំនុកចិត្តខ្ពស់ និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង។ មិនដែលមានទេរាជរដ្ឋាភិបាលដែលមានងាយុ ៦ខែ ហើយមានប្រជាប្រិយភាពលឿនរហ័សបែបនេះ។
លោក ប៉ែន បូណា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាពលរដ្ឋ ស័ក្តិសមជាអ្នកស្នងតំណែងរបស់គណបក្សប្រជាជនកម្ពុជា៕




Post a Comment