អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ប្រធានគណបក្សភឿថៃ ដែលជាកូនស្រីរបស់លោក ថាក់ ស៊ីន នឹងមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៨ និង១៩ ខែមីនា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន - Read News TV

ប្រធានគណបក្សភឿថៃ ដែលជាកូនស្រីរបស់លោក ថាក់ ស៊ីន នឹងមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៨ និង១៩ ខែមីនា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា (ហៅអ៊ុង អ៉ីង) ប្រធានគណបក្សភឿថៃ ដែលជាកូនស្រីរបស់ លោក ថាក់ ស៊ីន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៨ និង១៩ ខែមីនា ខាងមុខនេះ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងគណបក្សទាំងពីរនេះ គឺក្នុងគោលបំណងផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងគ្នា ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជន និងគណបក្សទាំងពីរ ដោយផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និតរវាងគណបក្សទាំងពីរ។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា ហៅ អ៊ុង អ៉ីង នឹងជួបពិភាក្សាទ្វេភាគីជាមួយនឹង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អំឡុងទៅសួរសុខទុក្ខ លោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃ ដែលជាបងធម៌របស់សម្តេច កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញលោកស្រី អ៊ុង អ៉ីង មកបំពេញទស្សនកិច្ច ដើម្បីរឹតចំណងមិត្តភាពរវាងគណបក្សនយោបាយទាំងពីរ ហើយលោកស្រី ក៏បានយល់ព្រមភ្លាមៗផងដែរ៕


Theme images by Radius Images. Powered by Blogger.