អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្ដម កែ គឹមយ៉ាន អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តបន្ទាយមានជ័យ - Read News TV

ឯកឧត្ដម កែ គឹមយ៉ាន អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយមានការចូលរួមពីសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាអង្គបោះឆ្នោត នៅទូទាំងខេត្តបន្ទាយមានជ័យ។

ឯកឧត្តម កែ គឹមយ៉ាន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យមហាប្រសើរអំពីឥស្សរជនថ្នាក់ដឹកនាំគណបក្ស ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិក សមាជិកាគណបក្សទាំងអស់ ព្រមទាំងបានថ្លែងនូវការកោតសរសើរ និងអំណរគុណចំពោះគណបក្សគ្រប់ថ្នាក់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទូទាំងខេត្តបន្ទាយមានជ័យ ដែលក្នុងរយៈពេល១៤ថ្ងៃ កន្លងមកនេះ បានខិតខំដោយមិននឿយហត់ធ្វើសកម្មភាពឃោសនា និងផ្សព្វផ្សាយសមិទ្ធផលនានា រួមនិងកម្មវិធី និងគោលនយោបាយរបស់គណបក្ស ជូនដល់សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោតប្រកបដោយខ្លឹមសារ និងអត្តន័យយ៉ាងក្បោះក្បាយ និងទទួលបាននូវការគាំទ្រ និងសាទរពីសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត ក៏ដូចជាសមាជិក សមាជិកាគណបក្សទាំងអស់ នៅទូទាំងខេត្តបន្ទាយមានជ័យ។

ឯកឧត្តម កែ គឹមយ៉ាន បានសង្កត់ធ្ងន់ថា ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ ជាគឺជាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ និងជាប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ក្នុងការបន្តដឹកនាំស្ថាប័ននីតិបញ្ញត្តិ ដែលជាស្ថាប័នកំពូលរបស់ជាតិ ហើយក៏សំដែងនូវការជឿជាក់យ៉ាងពិតប្រាកដថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គ បោះឆ្នោតនៅក្នុងខេត្តបន្ទាយមានជ័យទាំងមូល ទទួលបានជ័យជម្នះតាមការកំណត់សន្ទស្សន៍ នៅក្នុងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ ដោយសម្រេចឲ្យបានយ៉ាងតិច៤៩ អាសនៈ លើ៥៨អាសនៈ ហើយសម្រាប់ភូមិភាគទី៤ ត្រូវសម្រេចឲ្យខានតែបានយ៉ាងតិចបំផុត ៨អាសនៈ លើ១០អាសនៈ។

ជាចុងបញ្ចប់ ឯកឧត្តម កែ គឹមយ៉ាន បានណែនាំដល់សមាជិក សមាជិកាគណបក្ស និងសមាជិក សមាជិកា ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោតទាំងអស់ត្រូវថែទាំសុខភាព និងគោរពតាមច្បាប់ នីតិវីធី និងគោលការណ៍ ណែនាំនានារបស់ គ.ជ.ប. នៅពេលបោះឆ្នោតនាថ្ងៃទីអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ហើយបានណែនាំបន្ថែមដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវរឹតបន្តឹងថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងអំឡុងថ្ងៃស្ងប់ស្ងាត់ និងថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥។








Theme images by Radius Images. Powered by Blogger.