អាជ្ញាធរខេត្តបន្ទាយមានជ័យដាក់ចេញបម្រាម អ្នកល្មើសបំពានសីលធម៌ឱកាសចូលឆ្នាំខ្មែរអាចពិន័យទឹកប្រាក់ដល់ ៦ លានរៀល
បន្ទាយមានជ័យ៖ បុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ ដែលមានរយះពេល ៣ ថ្ងៃ ចាប់ពី ថ្ងៃទី១៤ ១៥ ដល់ ១៦ រដ្ឋបាលខេត្តបន្ទាយមានជ័យបានដាក់ចេញបំរាមយ៉ាងតឹងរឹងដល់ជនណាមកលេងប៉ាតម្សៅបាញ់ទឹក គប់ទឹក មានគ្រោះថ្នាក់ដល់គេនៅតាមផ្លូវសាធារណៈ បៀតបៀនកេរខ្មាសលើបុគ្គលដទៃដោយទុច្ចរិត មានការបន្លំ ឬចេតនា លូកលាន់រាងកាយ ឱបថើប បន្លំស្ទាបប្រដាប់ភេទ ចាប់សុដន់ស្រី ជនដែលប្រព្រឹត្តបទល្មើសនោះនឹងធ្វើការឃាត់ខ្លួនដាក់ពន្ធនាគារពី ១ ឆ្នាំទៅ ដល់ ៣ ឆ្នាំ និងធ្វើការផាកពិន័យជាប្រាក់ពី ២០០ ០០០ រៀលទៅ ៦ ០០០ ០០០ រៀល។ នេះបើតាមក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តនៅព្រឹក ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៤ ក្នុងសាលប្រជុំសាលាខេត្តខេត្ត។
ចូលឆ្នាំខ្មែរដែលមានរយះពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ .១៥ .១៦ ខែមេសា ឆ្នាំ ២០២៤ ក្នុងខេត្តបន្ទាយមានជ័យ មានយុវជន យុវនារី និងប្រជាពលរដ្ឋរាប់មុឺននាក់មកពីស្រុកជនបទ ក្នុងនោះមានអ្នកជិះម៉ូតូ ជិះរថយន្តទាំងហ្វូងៗមកលេងកំសាន្តនៅសួនមានជ័យ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងនៅតាមដងផ្លូវសាធារណៈយ៉ាងមហោឡារិក អធិកអធម យុវជន យុវនារីលេងបាញ់ទឹក ឬស្រោចទឹក ប៉ាតម្សៅឲ្យមានក្រមសីលធម៍ល្អ យុវនារី វ័យក្មេងៗសមត្ថកិច្ចហាមមិនឲ្យស្លៀកពាក់ខើចលើខើចក្រោម មិនឲ្យស្លៀកពាក់សិចស៊ី លេចមុខ លេចក្រោយនោះទេ។
លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាគណះបញ្ជាការឯកភាពខេត្តបានចេញបទបញ្ជាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ៣ ថ្ងៃនោះមាន៖
១.ហាមដល់ ក្រុមយុវជន យុវនារី មិនឲ្យលេងគប់ទឹកនៅតាមផ្លូវសាធារណៈជាដាច់ខាត
២.ហាមមិនឲ្យក្រុមយុវជន យុវនារី ចាក់ធុងបាស់ ផឹក ស្រា ស្រែកឡូឡាពេញទីសាធារណៈដាច់ខាត
៣. នៅពេលយប់ ជនណាចាក់ធុងបាស់ ផឹកស្រា ស្រែកឡូឡា ធ្វើឲ្យរំខានដល់ផ្ទះអ្នកដដៃ ឃាត់ខ្លួនយកមកអប់រំលើកទី១ នៅមានបន្តនិងចាត់ការទៅតាមផ្លូវច្បាប់។
លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា អង្គភាពទាំង ៣ ដូចជា កងកំលាំងអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត និង សឹករងខេត្តបន្ទាយមានជ័យ និងគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ នៅចាំការពារគ្រប់ច្រកល្ហក ទាំងយប់ ទាំងថ្ងៃ ដើម្បីពង្រឹងសន្តិសុខឲ្យបានដាច់ខាតក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ ៣ ថ្ងៃនៅខេត្តបន្ទាយមានជ័យ ប្រពៃណីជាតិឲ្យបានម៉ឺងម៉ាត់។
លោក អ៊ុំ រាត្រី បានធ្វើការដាស់តឿន ដល់យុវនារី ដែលនិយមស្លៀកពាក់សិចស៊ី ហើយចេញមកលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ មានបាញ់ទឹក ឬស្រោចទឹក ប៉ាតម្សៅ ឬលេង ល្បែងផ្សេងៗទៀតឲ្យចេះស្លៀកពាក់ឲ្យបានសមរម្យចេះគោរពច្បាប់ប្រពៃណីខ្មែរផង។
ក្នុងឱកាសបុណ្យចូលឆ្នាំនោះដែរ អាជ្ញាធរហាមប្រាមរាល់ល្បែងទាំងឡាយណាដែលនាំឲ្យខាតបង់ អន្តរាយទ្រព្យសម្បត្តិ និងនាំឲ្យមានគ្រោះថ្នាក់ ប៉ះពាល់ដល់កិត្តិយស ផ្ទុយពីប្រពៃណីថ្លៃថ្នូររបស់ជាតិ ដូចជាការប្រើអំពើហឹង្សាបណ្តាលមកពីការរាំកំសាន្តជាន់ជើងគ្នា ច្រណែនឈ្នានីស ការលេងល្បែងសុីសង ល្បែងផ្នាល់ផ្សេងៗ គប់ស្បោងទឹក លាបធ្យូង ដល់អ្នកធ្វើដំណើរតាមផ្លូវ ត្រូវហាមដាច់ខាត។ ម៉្យាងវិញទៀតត្រូវលើកកំពស់ ស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀនធូប ភ្លើងចង្ក្រាន ឬប្រើប្រាស់គ្រឿងឆេះផ្សេងៗដែលនាំឲ្យមានអគ្គីសភ័យ និងត្រូវទប់ស្កាត់ ការដុតផាវ គ្រឿងផ្ទុះ គ្រាប់រំសេវដែលនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនិងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមជាដើម៕
កម្រងរូបភាពសង្ក្រាន្តឆ្នាំមុនៗ









Post a Comment