អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! មន្ត្រីចំនួន ៨៩រូប បានទទួលការបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ មុនចេញបំពេញការងារក្នុងក្របខណ្ឌអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ - Read News TV

មន្ត្រីចំនួន ៨៩រូប បានទទួលការបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ មុនចេញបំពេញការងារក្នុងក្របខណ្ឌអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

 ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានក្រុមប្រឹក្សាភិបាល នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញជាអធិបតីភាពពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រ “ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ” ជូនដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជំនាន់ទី១ ចំនួន ៨៩រូប ដែលទទួលការបណ្តុះបណ្តាលប្រកបដោយជោគជ័យ។


វគ្គបណ្តុះបណ្តាលនេះ មានរយៈ ៨០ម៉ោង ដែលចាប់ផ្ដើមពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ និងបញ្ចប់ជាស្ថាពរនៅថ្ងៃ២៧ ខែមីនា ឆ្នាំ២០២៤ ដោយផ្តោតលើមុខវិជ្ជាគោលសំខាន់ៗរួមមាន៖ សន្ធានកម្មក្នុងបរិបទនៃការដោះស្រាយវិវាទ និងដំណាក់កាលនានានៃសន្ធានកម្ម, ពុទ្ធសាសនា និងការដោះស្រាយទំនាស់, ទំនាស់ ជម្លោះ និងដំណោះស្រាយ ដើម្បីភាព សុខដុមរមនា, ចិត្តសាស្ត្រ និងសិល្បៈនៃការដោះស្រាយទំនាស់, ការយល់ដឹង និងការវិភាគអំពីវិវាទ, ក្រម សីលធម៌ និងក្រមប្រតិបត្តិរបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ, ជំនាញចរចា ប្រាស្រ័យទាក់ទង និង ស្តាប់ដោយសកម្ម, បែបបទ និងនីតិវិធីនៃការដោះស្រាយវិវាទក្នុងក្របខណ្ឌអ.ដ.ក., ការរៀបចំកំណត់ហេតុ ព្រមព្រៀងបញ្ចប់វិវាទ និងការចេញរូបមន្តអនុវត្ត ព្រមទាំងការសម្រុះសម្រួលត្រាប់ផងដែរ។

សូមបញ្ជាក់ថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលទើបបង្កើតនាពេលថ្មីៗនេះ ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជាប្រធាន ដោយបានចាប់ផ្ដើមទទួលពាក្យបណ្ដឹង ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤តទៅ។ កន្លងទៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនមែនជាយុទ្ធការកាត់ក្ដីជំនួសតុលាការនោះទេ ដូច្នេះគោលការណ៍ នៅក្នុងការដោះស្រាយ គឺការសម្របសម្រួលផ្សះផ្សារវិវាទ និយាយឲ្យសាមញ្ញា ចំណុះទៅលើការសម្រេចរបស់គូភាគីទាំងអស់៕








Theme images by Radius Images. Powered by Blogger.