អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យស្រាវជ្រាវករណី ហិង្សាលើស្ដ្រីនៅបន្ទប់ជួល ទោះសាមីខ្លួនអះអាងថា ថតសម្ដែងក៏ដោយ ក៏ត្រូវហៅមកសួរនាំដែរ - Read News TV

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យស្រាវជ្រាវករណី ហិង្សាលើស្ដ្រីនៅបន្ទប់ជួល ទោះសាមីខ្លួនអះអាងថា ថតសម្ដែងក៏ដោយ ក៏ត្រូវហៅមកសួរនាំដែរ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងជំនាញស្រាវជ្រាវ និងនាំខ្លួនបុរសម្នាក់មកធ្វើការសួរនាំ ក្រោយធ្លាយវីដេអូប្រើប្រាស់ហិង្សាលើស្ដ្រីនៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ថា ក្រោយឃើញតាមបណ្តាញព័ត៌មានសង្គមបង្ហោះករណីបុរសម្នាក់ បានប្រើអំពើហិង្សាទៅលើស្ត្រីម្នាក់នៅក្នុងបន្ទប់ជួលមួយកន្លែង។ ករណីនេះលោកបានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឃាត់បុរសនោះយកមកសាកសួរហើយ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានអះអាងទៀតថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានបញ្ជាឱ្យបុរសនោះ ចូលខ្លួនមកសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឬនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនពេលសមត្ថកិច្ចទៅឃាត់ខ្លួន។ បុរសម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះ ដែន សូនី បានចេញមកអះអាងថា នោះជាវីដេអូខ្លួន ហើយសកម្មភាពនៃការប្រើហិង្សានោះ គ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ទោះបីសាមីខ្លួនចេញមកសារភាពបែបនេះក្ដី កម្លាំងសមត្ថកិច្ចជំនាញនឹងកោះហៅបុគ្គលនោះមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្ដតាមនីតិវិធី មិនមែនបញ្ជាក់ថា គ្រាន់តែសម្ដែងដូចនេះទេ៕





Theme images by Radius Images. Powered by Blogger.