ចៅក្រម សម្រេចឃុំខ្លួនអភិបាលរងស្រុកកំពង់លែងម្នាក់ និងបុគ្គល២នាក់ទៀត ពាក់ព័ន្ធនឹងករណីបំផ្លាញ គៃបំបាត់ និងកាប់ឆ្ការគាស់រានឈូសឆាយព្រៃលិចទឹក
កំពង់ឆ្នាំង៖ ទីបំផុតចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចឃុំ លោកពុំសុផល អភិបាលរងស្រុកកំពង់លែង និងបុគ្គល២នាក់ទៀត ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងករណីបំផ្លាញ គៃបំបាត់ និងកាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក និងសមគំនិត។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សាលាដំបូងខេត្តកំពង់ឆ្នាំង បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៣០៩ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ តាមដីកាសន្និដ្ឋានបញ្ជូនរឿង ឲ្យស៊ើបសួរលេខ ២១៨ ដ.ស.ស/២៤ ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដោយមានជនត្រូវចោទចំនួន ៣រូប ៖ ១.ឈ្មោះ លឹមដានីន ភេទប្រុស អាយុ៥៣ឆ្នាំ ២.ឈ្មោះជួន តុំ ភេទប្រុស អាយុ ៥៣ឆ្នាំ ត្រូវបានចោទប្រកាន់ ពីបទបំផ្លាញ និងគៃបំបាត់ តាមមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ,មាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងបទកាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក តាមមាត្រា៩៨ ចំណុច១ នៃច្បាប់ស្តីពីជលផល ប្រព្រឹត្តនៅចំណុចតាទុំ ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងខែមីនា ឆ្នាំ២០២៤។ និងទី៣. ឈ្មោះ ពុំ សុផល ភេទប្រុស អាយុ៥៩ឆ្នាំ ត្រូវបានចោទប្រកាន់ក្នុងអំពើសមគំនិត ពីបទបំផ្លាញ គបំបាត់ និងកាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក តាមមាត្រា ២៩ និងមាត្រា ៦០៨ នៃក្រមព្រហ្មទណ្ឌ,មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៩៨ ចំណុច១ នៃច្បាប់ស្តីពីជលផលប្រព្រឹត្តនៅទីតាំង និងពេលវេលាខាងលើ។
អ្នកនាំពាក្យសាលាដំបូង ខេត្តកំពង់ឆ្នាំង បានឲ្យដឹងទៀតថា បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងនានា ដែលមាននៅក្នុងសំណុំរឿងរួច ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ៣រូប ខាងលើ ជាបណ្តោះអាសន្ន ដើម្បីធានាវត្តមានជនត្រូវចោទទុកជូនតុលាការ ចាត់ការតាមនិតិវិធី ។ ហើយចៅក្រមស៊ើបសួរនឹងបន្តកិច្ចស៊ើបសួរទៅតាមច្បាប់ជាធរមាន។សូមបញ្ជាក់ថា អភិបាលរងស្រុកកំពង់លែងម្នាក់ និងបុគ្គល២នាក់ទៀត ត្រូវអង្គភាព ACU សម្រេចឃាត់ខ្លួន និងបញ្ជូនមកកាន់សាលាដំបូង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ពីបទពាក់ព័ន្ធនឹងករណីទន្ទ្រានព្រៃលិចទឹក ដែលជាជម្រកត្រីពង កូន នៅតំបន់២ នៃបឹងទន្លេសាប ក្នុងភូមិសាស្រ្ត ស្រុកកំពង់លែង។
ជនល្មេីសទាំង៣នាក់ ដែលត្រូវឃាត់ខ្លួន១/ឈ្មោះ ពុំ សុផល ភេទប្រុស អាយុ៥៩ឆ្នាំ ជាអភិបាលរងស្រុកកំពង់លែង ។២/ ឈ្មោះ លឹម ដានីន ភេទប្រុស អាយុ៥៣ឆ្នាំ ជាប្រធានការិយាល័យប្រជាពលរដ្ឋ ស្រុកកំពង់លែង។៣/ ឈ្មោះ ជួន តុំ ភេទប្រុស អាយុ៥៣ឆ្នាំ ជាម្ចាស់សិប្បកម្មផលិតទឹកកក នៅស្រុកកំពង់លែង។
ករណីនេះឈ្មោះ ជួន តុំ និងឈ្មោះ លឹម ដានីន ជាអ្នកប្រព្រឹត្តិផ្ទាល់ និងឈ្មោះ ពុំ សុផល ជាអ្នកសម្របសម្រួលឲ្យមានការទន្ទ្រានឈូសឆាយដីព្រៃលិចទឹក ទំហំ៩ហិកតា នៅចំណុចតាទុំ ក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ក្នុងទំហំផ្ទៃដីចំនួន៩ហិកតានេះ ពួកគេទើបតែឈូសឆាយបាន៤ហិកតាប៉ុណ្ណោះ ក៏បែកការណ៍ត្រូវមន្ត្រីជំនាញជលផលចុះទៅឃាត់គ្រឿងចក្រ និងរាយការណ៍ជូនខេត្ត និងក្រសួង ព្រមទាំងរៀបចំកសាងសំណុំរឿង ប៉ុន្តែដោយបទល្មើសនេះ មានជាប់ពាក់ព័ន្ធនឹងបញ្ញត្តិមាត្រា ៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ប្រឆាំងអំពើពុករលួយ ទើបផ្ទេរសំណុំរឿងនេះទៅអង្គភាព ACU វិញ៕



Post a Comment