អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! អាវុធហត្ថបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ៣នាក់ទៅសាលាដំបូងខេត្តតាមនីតិវិធី​ ពាក់ព័ន្ធករណី លួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន​ ខណៈម្នាក់ទៀតរត់គេចខ្លួន - Read News TV

អាវុធហត្ថបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ៣នាក់ទៅសាលាដំបូងខេត្តតាមនីតិវិធី​ ពាក់ព័ន្ធករណី លួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន​ ខណៈម្នាក់ទៀតរត់គេចខ្លួន

បន្ទាយមានជ័យ​៖ នៅវេលាម៉ោង០៧និង០០នាទីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ១-ឈ្មោះ​ ឡេង សក្កា (ហៅសាក់)​ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បនស្នាក់នៅ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ,២.ឈ្មោះ​ ហេវ សៀវហូវ​ (បៀក) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន សង្កាត់ម្នាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ,៣.ឈ្មោះ​ សាំ ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិខ្លាកូនចាស់ សង្កាត់កំពង់ចាស់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន​បាត់ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។​

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ​ ធួន វិសាល ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានឱ្យដឹងថា​ កាលពីវេលាកេីតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ​ បន្ទាយមានជ័យ 1V-2472 ចំនួន០១គ្រឿង ឌុបប្រពន្ធមកពីផ្សារ និងបានទុកម៉ូតូនៅមុខបន្ទប់ជួលដែលរូបខ្លួនស្នាក់នៅចំណុចខាងលេី​ រួចហូបបាយជាមួយប្រពន្ធកូន​ ហេីយសម្រាកលង់លក់ លុះដល់វេលាម៉ោង១៥និង០០នាទី ថ្ងៃដដែល ពេលចេញពីបន្ទប់ស្រាប់តែបាត់ម៉ូតូ​ និងបានមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធក្រុងសិរីសោភ័ណ។

ក្រោយពីទទួលបានពាក្យបណ្ដឹងលោកបានដឹកនាំ​កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ចុះស្រាវជ្រាវ​ រហូតកំណត់មុខសញ្ញា​ និងបានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត វេលាម៉ោង១៥និង៤០នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់​ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន​បាត់ និងបានចាប់យកវត្ថុតាង ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ​ បន្ទាយមានជ័យ 1V-2472 ចំនួន០១គ្រឿង(ប្រគល់ជូនជនរងគ្រោះវិញ),២.ម៉ូតូម៉ាកហុងដាឃ្លិច ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បាត់ដំបង 1AH-0240 ចំនួន០១គ្រឿង(មធ្យោបាយប្រព្រឹត្តបទល្មេីស)​ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ព្រមទាំងធ្វើតេស្តទឹកនោម លើជនសង្ស័យទាំង០៣នាក់ ឃើញមានសារធាតុញៀន។

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ ជនសង្ស័យ​បានឆ្លើយសារ​ភាពថា​ ពួកខ្លួនពិតជាប់ពាក់ព័ន្ធលើករណីលួចម៉ូតូ​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាងជាក់ស្តែង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ ចាត់ការបន្តតាមនីតិវិធី​។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្នជនសង្ស័យ​ទាំង៣នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​៕








Theme images by Radius Images. Powered by Blogger.