អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! វេជ្ជបណ្ឌិតប្រហែល១ម៉ឺននាក់នៅកូរ៉េខាងត្បូង បន្តធ្វើបាតុកម្មប្រឆាំងជំហររដ្ឋាភិបាល ដែលចង់បង្កើនចំនួននិស្សិតពេទ្យ - Read News TV

វេជ្ជបណ្ឌិតប្រហែល១ម៉ឺននាក់នៅកូរ៉េខាងត្បូង បន្តធ្វើបាតុកម្មប្រឆាំងជំហររដ្ឋាភិបាល ដែលចង់បង្កើនចំនួននិស្សិតពេទ្យ

កូរ៉េខាងត្បូង៖ យោងតាមសាក្សីរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា គេឃើញមានវេជ្ជបណ្ឌិតយ៉ាងហោចណាស់ ១ម៉ឺននាក់ បានចូលរួមការតវ៉ានៅក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ ក្រោមគោលបំណងដើម្បីប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងការបង្កើនចំនួននិស្សិតឱ្យចូលរៀននៅសាលាពេទ្យទូទាំងប្រទេស ដោយក្រុមអ្នកតវ៉ានិយាយថា «ដើម្បីការពារដល់ការដួលរលំផ្នែកវេជ្ជសាស្ត្រ» ។

គួររំឮកថា រដ្ឋាភិបាលកូរ៉េខាងត្បូង ចង់បង្កើនកូតានិស្សិតចូលរៀននៅសាលាវេជ្ជសាស្ត្រ ដើម្បីដោះស្រាយនូវបញ្ហាកង្វះវេជ្ជបណ្ឌិត ប៉ុន្តែក្រុមគ្រូពេទ្យដែលចូលរួមការតវ៉ា បានប្រកែកថា ការអនុវត្តគោលគំនិតបែបនេះ នឹងអាចដោះស្រាយបញ្ហាបានតិចតួចតែប៉ុណ្ណោះ ខណៈក្រុមគ្រូពេទ្យបានបន្តធ្វើការតវ៉ាជាច្រើនខែបន្តបន្ទាប់គ្នា ដើម្បីឆ្លើយតបទៅនឹងផែនការរបស់រដ្ឋាភិបាល ។

ទន្ទឹមនឹងនោះ សមាគមវេជ្ជសាស្ត្រកូរ៉េ ដែលជាអ្នករិះគន់ចំពោះកំណែទម្រង់របស់រដ្ឋាភិបាល បានជួបជុំគ្នាធ្វើការតវ៉ាកាលពីថ្ងៃអង្គារ ដោយអំពាវនាវឱ្យរដ្ឋាភិបាលត្រូវពិចារណាឡើងវិញ អំពីគោលជំហរក្នុងការបង្កើនកូតានិស្សិតឱ្យចូលរៀននៅសាលាពេទ្យ ។

ក្នុងថ្ងៃដដែល រដ្ឋាភិបាលកូរ៉េខាងត្បូង បានចេញបញ្ជាឱ្យវេជ្ជបណ្ឌិតឯកជនដែលបិទគ្លីនិកដើម្បីចូលរួមការតវ៉ា ត្រូវតែត្រឡប់ទៅបំពេញការងារវិញ ។ នៅក្រោមច្បាប់នេះ មានន័យថា វេជ្ជបណ្ឌិតដែលល្មើសនឹងបទបញ្ជាជុំវិញសំណើសូមឱ្យត្រឡប់ទៅធ្វើការវិញ អាចប្រឈមមុខនឹងការព្យួរអាជ្ញាប័ណ្ណការងាររបស់ពួកគេ ឬរងនូវផលប៉ះពាល់ផ្លូវច្បាប់ផ្សេងទៀតផងដែរ ។

ដោយឡែក យោងតាមការស្ទង់មតិមួយ តាមរយៈការសម្រង់មតិរបស់អ្នកស្រុកកាលពីសប្តាហ៍មុន បានឱ្យដឹងថា ប្រជាជនកូរ៉េខាងត្បូង ៨ នាក់ក្នុងចំណោម ១០ នាក់ បានបង្ហាញការប្រឆាំងចំពោះការតវ៉ារបស់ក្រុមវេជ្ជបណ្ឌិត ៕ ប្រភព៖ Reuters Connect

 

Theme images by Radius Images. Powered by Blogger.