សមត្ថកិច្ច បង្ហាញមុខឃាតករម្នាក់ដែលច្របាច់ករទារក៤ខែស្លាប់ និងក្រុមក្មេងទំនើងបង្កហឹង្សា ១៣នាក់
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានធ្វើសន្និសីទសាព័ត៌មានបង្ហាញមុខឃាតករម្នាក់ ដែលបានវាយ និងច្របាច់ករសម្លាប់ទារកអាយុ៤ខែ(កូនចុង)ស្លាប់ នៅក្នុងខណ្ឌទួលគោក និងក្រុមក្មេងទំនើងបង្កហឹង្សា ដោយចេតនា ១៣នាក់ទៀត។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការដឹកនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដោយ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចការិយាល័យ ជំនាញ និងនគរបាលនៃអធិកាដ្ឋានខណ្ឌទាំង១៤ បានយកចិត្តទុកដាក់បង្ក្រាបបានក្រុមក្មងទំនើង និងជនសង្ស័យប្រព្រឹត្តិបទល្មើសជាបន្តបន្ទាប់ ហើយត្រូវបានបង្ហាញមុខជាសាធារណៈនៅពេលនេះ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឱ្យដឹងទៀតថា ជនសង្ស័យដែលបង្ហាញមុខនៅពេលនេះបានប្រព្រឹត្តបទល្មើស រួមមាន៣ករណីផ្សេងគ្នា ដែលបានប្រព្រឹត្តិបទល្មើសនៅក្នុងរាជធានីភ្នំពេញគឺ ទី១. ករណីឃាតកម្មមានស្ថានទម្ងន់ទោស ដែលវាយសម្លាប់ទៅលើកុមារ អាយុ៤ខែ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក។ ជននោះជាមុខសញ្ញាចាស់ ដែលធ្លាប់ជាប់ពន្ធនាគា និងមានទំនាក់ទង់ជាមួយម្តាយក្មេងរងគ្រោះ។
បន្ទាប់ពីវាយនិងច្របាច់ករ សម្លាប់នារករួចមក ឃាតកររូបនោះបានរត់គេចខ្លួនទៅស្រុកំណើតខេត្តព្រៃវែង រួចក៏បានត្រឡប់មកភ្នំពេញវិញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលខណ្ឌទួលគោកឃាត់ខ្លួនបាន។នេះជាអំពើឃាតកម្មយ៉ាងឃោរឃៅ ដែលឃាតកម្មបានវាយសម្លាប់ក្មេងដែលមានអាយុ ៤ខែ យ៉ាងសាហាវ។
ករណីទី២គឺ បង្ហាញជនសង្ស័យ ជាក្មេងទំនើង ជាក្រុមក្តាន់២ ដែលបានប្រើហឹង្សាដោយចេតនា កាប់ទៅលើ គូទំនាស់ បណ្តាលឱ្យរងបួសម្នាក់ ដោយកាប់ត្រូវខ្នងចំនួន២កាំបិត ហើយត្រូវបានកម្លាំងនគរបាលការិយាលព្រហ្មទណ្ឌកម្រិតស្រាលស្រាវជ្រាវ ឃាត់ខ្លួនបានចំនួន ៦នាក់ ក្នុងចំណោមបក្សពួកចំនួន ១៤នាក់ ហើយ សមត្ថកិច្ច នឹងបន្តស្រាវជ្រាវចាប់បក្សពួកបន្តទៀត។
ករណីទី៣. ជាក្រុមក្មេងទំនើងចំនួន ៦នាក់ ត្រូវបានកម្លាំងអធិការដ្ឋានខណ្ឌណោធិ៍សែនជ័យបង្ក្រាបបាន ហើយ ដកហូតបានកាំបិតអាទឹកកក និងដាវ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឱ្យដឹងទៀតថា ដោយមានបទបញ្ជា ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលលោកបានដាក់បទបញ្ជា និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្កាត់ក្មេងទំនើង និងចាត់វិធានការក្នុងការបង្ក្រាបបទល្មើសផ្សេងទៀតដូចជាបទល្មើសលួច ឆក់ ប្លន់ ក្នុងកំឡុងដែលបង្ការទប់ស្កាត់បង្ក្របក្មេងទំនើង ដើម្បីការពារ ថែរក្សាសន្តិសុខ សុវត្ថិភាពជួនប្រជាពលរដ្ឋ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឱ្យដឹងទៀតថា នៅក្នុងយុទ្ធនាការបង្ក្រាបក្មេងទំនើង ចាប់ពីថ្ងៃទី២៣ រហូតមកដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលនៅតាមបណ្តាលខណ្ឌក៏បានបង្ក្រាបបានក្រុមក្មេងទំនើង ឃាត់ខ្លួនបានចំនួន ១៣៦នាក់ ក្នុង៣២ករណី បញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ បន្តបង្ក្រាបទប់ស្កាត់ក្រុមក្មេងទំនើង ដោយធ្វើយ៉ាងណាឱ្យមានប្រសិទ្ធិភាព និងមានការថយចុះ៕








Post a Comment