អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ប្រធានាធិបតីវៀតណាម កោតសរសើរទំនាក់ទំនងជាមួយរុស្ស៊ី ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន - Read News TV

ប្រធានាធិបតីវៀតណាម កោតសរសើរទំនាក់ទំនងជាមួយរុស្ស៊ី ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន

វៀតណាម៖ ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពុទីន (Vladimir Putin) និងសមភាគីវៀតណាម លោក តូ ឡឹម (To Lam) បានធ្វើជាសាក្សីនៅក្នុងការផ្លាស់ប្តូរកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាជាច្រើន រវាងប្រទេសទាំងពីរ វៀតណាម-រុស្ស៊ី រួមមានទាំងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យប្រេង និងឧស្ម័ន ក៏ដូចជាវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងការអប់រំជាដើម ។

ឆ្លៀតក្នុងឱកាសជំនួបនេះ ប្រធានាធិបតីវៀតណាម តូ ឡឹម ក៏បានបង្ហាញនូវការកោតសរសើរចំពោះ «មិត្តភាពជាប្រពៃណី» របស់វៀតណាមជាមួយរុស្ស៊ីផងដែរ ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាជាមួយលោកពុទីន បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សេងៗរួចមក លោក តូ ឡឹម មានប្រសាសន៍ថា "វៀតណាម តែងតែចាត់ទុករុស្ស៊ីជាដៃគូដ៏សំខាន់បំផុតមួយរបស់វៀតណាម" ។

ក្នុងពេលដំណាលគ្នា លោក ពុទីន បានលើកឡើងពីការបណ្តាក់ទុនវិនិយោគរួមគ្នារវាងរុស្ស៊ី និងវៀតណាម ទៅលើឥន្ធនៈហ្វូស៊ីល ស្ថិតនៅសមុទ្រចិនខាងត្បូង និងភាគខាងជើងនៃប្រទេសរុស្ស៊ី ដោយលោកបន្ថែមថា ការវិនិយោគលើថាមពល ពិតជាមានសារៈជាយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ។

គួររំឮកថា មួយថ្ងៃបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកជាមួយកូរ៉េខាងជើង លោក ពុទីន បានលើកឡើងថា ទីក្រុងមូស្គូ និងទីក្រុងហាណូយ ពិតជាមានចំណាប់អារម្មណ៍ក្នុងការបង្កើតសន្តិសុខ ដែលអាចជឿទុកចិត្តបាន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ៕
ប្រភព៖ Reuters Connect

Theme images by Radius Images. Powered by Blogger.