បុរសបែកថ្នាំម្នាក់ ត្រូវម្ចាស់ផ្ទះបាញ់បំបាក់ជើងទាំងពីរ ខណៈដែលកាន់កាំបិតដើរចូលក្នុងផ្ទះគេ
ភ្នំពេញ៖ បុរសម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិតបាត់បង់សតិ កាន់កាំបិតដេញកាប់គេផ្អើលពេញផ្លូវ រួចបានដើរចូលផ្ទះលក់ចាប់ហ៊ួយមួយកន្លែង ត្រូវបានបុរសដែលជាម្ចាស់ផ្ទះដកកាំភ្លើងខ្លីបាញ់បំបាក់ជើងទាំងសងខាងត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤. ស្ថិតនៅផ្លូវបេតុង ៥១BT ភូមិសន្សុំកុសល់ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុបុរសខាងលើបានកាន់កាំបិតស្រែកឡូឡាសំឡុតអ្នកធ្វើដំណើរឆ្លងកាត់និងដេញកាប់អ្នកភូមិផ្អើលពេញផ្លូវ គ្មានអ្នកហ៊ានចូលឃាត់នោះទេ មួយសន្ទុះក្រោយមកក៏បានដើរចូលទៅក្នុងផ្ទះលក់ចាប់ហ៊ួយម៉ាក់ស្រីកា ដោយបានយកកាំបិតកាប់របស់របរក្នុងផ្ទះ ទើបធ្វើឲ្យបុរសដែលជាខ្មាន់កាំភ្លើង ហើយត្រូវបានគេស្គាល់ថា ជាមន្ត្រីរនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ផងនោះ បានដកកាំភ្លើងបាញ់សំឡុតចំនួន២គ្រាប់ឡើងទៅលើមេឃ តែបុរសដែលកាន់កាំបិតនោះមិនខ្លាចញញើត និងស្នូរកាំភ្លើងនោះឡើយ ទើបរូបគាត់ទ្រាំលែងបាន និងដើម្បីការពារខ្លួននិងក្រុមគ្រួសាររបស់គាត់ដែលកំពុងនៅក្នុងផ្ទះ ក៏បានសម្រេចចិត្តបាញ់បំបាក់ជើងទាំងសងខាងចំនួន២គ្រាប់ទៀត បណ្តាលឲ្យបុរសដែលបែកថ្នាំខាងលើ រងរបួសជើងធ្ងន់ដើរលែងរួច មួយសន្ទុះក្រោយមកក្រុមគ្រួសារសាច់ញ្ញាត្តិជនបែកថ្នាំបានយករថយន្តដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការណ៍ជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យចុះមកពិនិត្យសំបកកន្ទុះនៅកន្លែងកើតហេតុនិងបាននាំខ្លួនបុរសដែលជាខ្មាន់កាំភ្លើងទៅកាន់ប៉ុស្តិនគរបាលបឹងទំពុនទី១ដើម្បីធ្វើការសាកសួរតាមនិតិវិធី៕



Post a Comment