អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សម្តេចធិបតី ហ៊ុន ម៉ាណែត បង្កើត ”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា តាមបណ្តោយព្រំដែន - Read News TV

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្កើត ”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា តាមបណ្តោយព្រំដែន

ភ្នំពេញ៖ ខុទ្ទកាល័យសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានជូនដំណឹងឱ្យដឹងថា៖ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសបង្កើតនូវ “មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា តាមបណ្តោយព្រំដែន ព្រមទាំងដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នុង និងក្រៅប្រទេស បានចូល រួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិ។

ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចូលរួមបរិច្ចាគវិភាគទានឱ្យបានផុលផុសតាមការស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” សំដៅរួមគ្នាក្នុងឆ្លងមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និង បូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

សម្រាប់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលមានបំណងចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” សូមទាក់ទងផ្ទាល់មកក្រុមការងារមូលនិធិ តាមរយៈប្រព័ន្ធទំនាក់ទំនង និងគណនីធនាគារសម្រាប់ទទួលវិភាគទាន ហើយសម្រាប់ការបរិច្ចាគតាមប្រព័ន្ធ KHQR Code៖ សូមពិនិត្យមើលឯកសារភ្ជាប់ជាឧបសម្ព័ន្ធ។

សម្រាប់ការបរិច្ចាគជាសាច់ប្រាក់ សូមទាក់ទងលោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី តាមទូរស័ព្ទលេខ 012 961 971 ឬ នៅស្នាក់ការប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី “អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២”៕

Theme images by Radius Images. Powered by Blogger.