គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំបុកជាមួយរថយន្តតួររីសដឹកកម្មកររោងចក្រ មានមនុស្សចំនួន២នាក់និងរបួស២៥នាក់នៅស្រុកកំពង់សីលាបណ្ដាលមកពីការវ៉ាជែង
ព្រះសីហនុ៖ យ៉ាងហោចមានមនុស្សចំនួន២នាក់បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ និង២៥នាក់ផ្សេងទៀតក៏បានបញ្ជូនទៅសង្គ្រោះជាបន្តបន្ទាប់នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំបុកជាមួយរថយន្តតួររីសដឹកកម្មកររោងចក្រ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។ ឧបទ្ទវហេតុដ៏រន្ធត់នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៧-១២៨ ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បានដឹងឱ្យថា ហេតុការណ៍នេះបានបង្ករឡើងដោយរថយន្ត០១គ្រឿង ម៉ាក HYUNDAI 5TON ពណ៌ស ពាក់ផ្លាកលេខ កោះកុង 3A-0815 បើកបរក្នុងទិសដៅ ពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ មកដល់ចំណុចកើតហេតុបានឡើងវ៉ាជែងខាងឆ្វេងចូលទៅបុករថយន្តដឹកកម្មកររោងចក្រ ០១គ្រឿង ម៉ាក SSANG YONG ពណ៌បៃតងចាស់ ពាក់ផ្លាកលេខ កំពត2A-1524 បណ្តាលមានមនុស្សស្លាប់ចំនួន០២នាក់ ក្នុងនោះមានស្រីម្នាក់ និងរងរបួសធ្ងន់ស្រាលសរុបចំនួន២៥នាក់។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតក្នុងឧទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ រួមមាន៖ ឈ្មោះ ផាន សុភ័ក្រ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ អ្នកបើកបររថយន្តដឹកកម្មករ មានទីលំនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ និងឈ្មោះ ឡេះ រ៉ូហ្វីយ៉ា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករ មានទីលំនៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យ។
របាយការណ៍បញ្ជាក់បន្ថែមថា ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្ក ម៉ាក HYUNDAI បានទុករថយន្តចោលហើយរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។ ចំណែក អ្នករងរបួសធ្ងន់ស្រាលចំនួន ២៣នាក់ផ្សេងទៀត ត្រូវបានរថយន្តសាមុយរបស់មណ្ឌលសុខភាពតក្កវិទ រថយន្តស៊ីរ៉ែននគរបាល រថយន្តស៊ីរ៉ែនអាវុធហត្ថស្រុកកំពង់សីលាដឹកបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។ ក្នុងករណីនេះ ផ្នែកជំនាញ បានយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា៕
Post a Comment