អគ្គស្នងការនគរបាលជាតិ រម្លឹកដល់អ្នកដឹកជញ្ជូន កុំទទួលរបស់បញ្ញើខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម
ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានក្រើនរម្លឹកដល់អ្នកដឹកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម ដើម្បីកុំឲ្យជាប់ពាក់ព័ន្ធទៅនឹងបទល្មើស ព្រោះជាអំពើខុសច្បាប់។ ការរម្លឹកដូចនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមហ៊ុនដឹកអីវ៉ាន និងដឹកចំណីអាហារ ព្រមទាំងផ្តល់ប័ណ្ណថ្លែងអំណរគុណ និងមួកសុវត្ថិភាពជាអនុស្សាវរីយ៍ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានក្រើនរម្លឹកដល់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកដឹកជញ្ជូនទាំងអស់ ត្រូវត្រួតពិនិត្យ និងសាកសួរប្រភពទំនិញ នូវទំនិញទាំងឡាយណាដែលមានការសង្ស័យឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការដឹកជញ្ជូនទំនិញខុសច្បាប់ ដូចជាគ្រឿងញៀន អាវុធជាតិផ្ទុះ និងរបស់បញ្ញើដែលខុសច្បាប់ ព្រោះការដឹកជញ្ជូនរបស់បញ្ជើដែលខុសច្បាប់ វាអាចនាំឲ្យអ្នកដឹកជញ្ជូន មានការជាប់ពាក់ព័ន្ធទៅនឹងបទល្មើសនោះដែរ។
ទន្ទឹមនឹងនេះ ក៏បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុន និងអ្នកដឹកជញ្ជូនទាំងអស់ ត្រូវរាយការណ៍មកខាងសមត្ថកិច្ច ក្នុងករណីសង្ស័យថា មានការដាក់បញ្ញើខុសច្បាប់ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងស្វែងរកមុខសញ្ញាមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕


















Post a Comment