រដ្ឋបាលខេត្តក្រចេះ ណែនាំឱ្យអាជ្ញាធររៀបចំទីទួលសុវត្ថិភាព ដើម្បីត្រៀមជម្លៀសពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀង
ក្រចេះ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ (គ.គ.ម.ខ.) បានប្រាប់ឱ្យរដ្ឋបាលក្រុង ស្រុក ត្រូវណែនាំដល់អាជ្ញាធរឃុំសង្កាត់ ភូមិ រៀបចំ និងសម្អាត ទីទួលសាធារណៈ និងទីទួលសុវត្ថិភាព ដែលមានស្រាប់ សម្រាប់ត្រៀមជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះ។
ខណៈតំបន់មួយចំនួនក្នុងខេត្តក្រចេះកំពុងជួបបញ្ហាជំនន់ទឹកភ្លៀងហើយក្នុងរយៈពេល ៣ ទៅ៥ ថ្ងៃខាងមុខ ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះនឹងហក់ឡើង ដល់កម្ពស់ ២០,៩៧ម៉ែត្រ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយការព្យាករណ៍កម្ពស់ទឹកទន្លេមេគង្គរបស់គណៈកម្មការជាតិទន្លេមេគង្គកម្ពុជា ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ បានណែនាំឱ្យ រដ្ឋបាលក្រុង/ស្រុង មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំងបីប្រភេទ ត្រូវត្រួតពិនិត្យធនធានសម្ភារ និងកម្លាំងអន្តរាគមន៍បន្ទាន់ ដើម្បីត្រៀម លក្ខណៈឆ្លើយតប និងសង្រ្គោះបន្ទាន់ជុំវិញគ្រោះធម្មជាតិនេះ។ និងស្នើឱ្យអាជ្ញាធរ ឃុំ/សង្កាត់ ភូមិ ត្រូវរៀបចំ និងសម្អាតទីទួលសធារណៈ និងទីទួលសុវត្ថិភាព ដែលមានស្រាប់ សម្រាប់ត្រៀមជម្លៀសប្រជាពលរដ្ឋពេល។
រដ្ឋបាលខេត្ត ក៏បានស្នើឱ្យ រដ្ឋបាលក្រុង/ស្រុក ត្រូវតាមដានតាមដានស្ថានភាពទឹកជំនន់ទន្លេមេគង្គជាប់ជាប្រចាំ ដើម្បីជូនដំណឹងបន្តទៅឱ្យប្រជាបលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះនិងគ្រួសារងាយរងហានិភ័យ។
រដ្ឋបាលក្រុង/ស្រុក ត្រូវណែនាំដល់ឃុំ/សង្កាត់ និងភូមិ ត្រូវបំពេញទម្រង់របាយការណ៍ទឹកជំនន់ ហើយ ត្រូវធ្វើរបាយការណ៍តាមប្រព័ន្ធ Telegram និងតាមប្រព័ន្ធ PRISM មកកាន់លេខាធិការដ្ឋាន នៃ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ជាប់ជាប្រចាំ។
ជាមួយគ្នានោដែរ រដ្ឋបាលខេត្ត បានស្នើឱ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវណែនាំគ្រប់សាលារៀន ឱ្យណែនាំបន្តដល់សិស្សានុសិស្ស និង អាណាព្យាបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុវត្ថិភាព ការធ្វើដំណើររបស់សិស្សនៅតំបន់ទឹកជំនន់៕







Post a Comment