អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! អ្នកកាសែតជើងចាស់លោក ម៉ារ យារិទ្ធិ ទីប្រឹក្សាជាន់ខ្ពស់របស់ Fresh News អញ្ជើញជួបជុំជាមួយក្រុមអ្នកសារព័ត៌មាន មកពីស្ថាប័នផ្សេងៗ ដើម្បីចែករំលែកចំណេះដឹងព័ត៌មាន - Read News TV

អ្នកកាសែតជើងចាស់លោក ម៉ារ យារិទ្ធិ ទីប្រឹក្សាជាន់ខ្ពស់របស់ Fresh News អញ្ជើញជួបជុំជាមួយក្រុមអ្នកសារព័ត៌មាន មកពីស្ថាប័នផ្សេងៗ ដើម្បីចែករំលែកចំណេះដឹងព័ត៌មាន

ភ្នំពេញ៖ អ្នកកាសែតជើងចាស់ លោក ម៉ារ យារិទ្ធិ ទីប្រឹក្សាជាន់ខ្ពស់របស់ Fresh News និងជាប្រធានមជ្ឍមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈព័ត៌មាន FTC បានអញ្ជើញជួបជុំជាមួយក្រុមអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗ ប្រមាណជាង១០នាក់ ដើម្បីចែករំលែកចំណេះដឹងផ្នែកព័ត៌មាន និងពិភាក្សាគ្នាអំពីសភាពការណ៍ព័ត៌មានកំពុងកើតឡើងទាំងនៅក្នុងស្រុក និងអន្តរជាតិ។

កម្មវិធីជួបជុំគ្នានេះ ត្រូវបានដាក់ឈ្មោះថា «Media Meet» រៀបចំដោយអង្គភាពព័ត៌មាន Fresh News ជួបគ្នាក្នុងពេល១ខែម្តង ហើយគោលបំណងនៃកម្មវិធីនេះ ដើម្បីចែករំលែកចំណេះដឹងព័ត៌មាន និងជួយពង្រឹងវិជ្ជាជីវៈព័ត៌មានបន្ថែមទៀត ដល់អ្នកអាជីពព័ត៌មានដូចគ្នា ព្រមទាំងជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយផងដែរ។

លោក ម៉ារ យ៉ារិទ្ធិ បានលើកឡើងថា៖ «នៅពេលដែលប្រព័ន្ធបច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំង Fake News ក៏មានការកើនឡើងខ្ពស់ផងដែរ នេះចាំបាច់ត្រូវមានការចូលរួមពីអ្នកសារព័ត៌មានវិជ្ជាជីវៈ ក្នុងកាចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិត និងត្រឹមត្រូវតាមវិជ្ជាជីវៈ ដើម្បីបន្សាបនូវព័ត៌មានក្លែងក្លាយទាំងនោះ។ ហើយការជួបជុំគ្នានេះ ក៏ដើម្បីដឹងអំពីទុក្ខលំបាកក្នុងវិជ្ជាជីវៈ និងអាចចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក លើកការផ្សព្វផ្សាយនូវព័ត៌មានត្រឹមត្រូវតាមវិជ្ជាជីវៈនេះ»

យ៉ាងណាមិញទីប្រឹក្សាជាន់ខ្ពស់របស់ Fresh News និងជាប្រធានមជ្ឍមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈព័ត៌មាន FTC ក៏បានបញ្ជាក់បន្ថែមថា ថ្វីត្បិតតែការសរសេរព័ត៌មានត្រឹមត្រូវតាមវិជ្ជាជីវៈ ដោយមិននិយាយភូត កុហក់ បំផ្លៃសាច់រឿងក៏ពិតមែន តែនៅក្នុងវិជ្ជាជីវៈសារព័ត៌មាន ក៏មានដែរនូវប្រភេទអត្ថបទ ដែលអាចឱ្យអ្នកសារព័ត៌មានបញ្ចេញនូវទស្សនៈ និងគំនិតរបស់ខ្លួនបាន។ ការប្រើប្រាស់នូវប្រភេទអត្ថបទ បញ្ចេញនូវទស្សនៈ ទាំងនោះ គឺមិនខុសនឹងវិជ្ជាជីវៈសារព៌ត៌មានឡើយ។

លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្ដាញព័ត៌មាន Fresh News បានបង្ហាញនូវចំណាប់អារម្មណ៍ថា៖ «ការជួបជុំគ្នាអ្នកសារព័ត៌មាននេះ ពិតជាល្អខ្លាំងណាស់ ជាកម្មវិធីរបស់លោកគ្រូ ម៉ា យ៉ារិទ្ធិ ដែលជាសាស្រ្តាចារ្យព័ត៌មានដ៏ល្បីមួយរូបនៅកម្ពុជា, Media Meet រៀបចំទទួលរ៉ាប់រងការចំណាយដោយ Fresh News មួយខែម្តង»

លោក លឹម ជាវុត្ថា បានបញ្ជាក់ថា «ការជួបជុំនៅទីនេះ Free Talk & Free Eat មិនមានសម្ពាធខាងណានោះទេ អាចចាត់ទុកជា កម្មវិធីមួយបន្ថែមការយល់ដឹង និងយកឱកាសជួបជុំគ្នារីករាយប៉ុណ្ណោះ»

សូមជម្រាបថា នេះគឺជាជំនួបដំបូងបំផុតសម្រាប់កម្មវិធី «Media Meet» ដែលមានអ្នកសារព័ត៌មានមកពីចម្រុះស្ថាប័នមកចូលរួមពិភាក្សា ចំណេះសំណាលអំពីអាជីព និងវិជ្ជាជីវៈសារព័ត៌មានជាមួយគ្នា។ កម្មវិធី «Media Meet» នេះ គ្រោងនឹងធ្វើឡើងរៀងរាល់ខែ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងជួយពង្រឹងវិជ្ជាជីវៈព័ត៌មានបន្ថែមទៀត ដល់អ្នកអាជីពព័ត៌មានដូចគ្នា ព្រមទាំងជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយ៕ credit : FN














Theme images by Radius Images. Powered by Blogger.