រថយន្តប្រណីតៗជាច្រើនគ្រឿង ចូលរួមក្នុងកម្មវិធីផ្សេងៗត្រៀមមុនព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia នៅខេត្តសៀមរាប (មានវីដេអូ)
សៀមរាប៖ រថយន្តប្រណីតៗជាច្រើនគ្រឿង នៅរយៈពេល២ថ្ងៃមកនេះ គឺនៅថ្ងៃទី៣១ ខែសីហា និងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ បានមកប្រផ្តុំគ្នានៅខេត្តសៀមរាប ដើម្បីចូលរួមក្នុងកម្មវិធីផ្សេងៗត្រៀមមុនព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia។ ក្នុងនោះមាន ការតាំងបង្ហាញសាកល្បងនូវពិព័រណ៍រថយន្តទំនើបៗនៅបរិវេណសួនច្បារមុខព្រះរាជដំណាក់ ក្រុងសៀមរាប ដោយឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលទស្សនា និងថតរូបលេងដោយសេរី។
កម្មវិធីបើកបរសាកល្បងនៅអតីតអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានការចូលរួមពីឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ទៀ ស្យាម ស្ថាបនិកសមាគមវប្បធម៌រថយន្តកម្ពុជា ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប។ ហើយក៏មានការសម្ដែងទេពកោសលបើកបររថយន្តពីសំណាក់កញ្ញា លីអូណា កំពូលនារីអ្នកប្រណាំងរថយន្តមកពីប្រទេសម៉ាឡេស៊ីផងដែរ។
សូមបញ្ជាក់ថា ដោយបានទទួលការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ សហការជាមួយស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន ជីប ម៉ុង ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំ GUMBALL 3000 នឹងប្រមូលផ្ដុំកំពូលរថយន្តទំនើបៗរាប់រយគ្រឿង ដែលអ្នកបើកបរសុទ្ធសឹងជាជនមានឥទ្ធិពល មហាសេដ្ឋីលំដាប់កំពូល ក្រុមតារាល្បីៗ និងកីឡាករលំដាប់ពិភពលោកជាច្រើនរូប នឹងមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីជំរុញការផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទស្សនាសៀមរាប ២០២៤»។
ការនាំយកនូវព្រឹត្តិការណ៍ GUMBALL 3000 មកកម្ពុជា មានគោលបំណងចំនួន៤សំខាន់ៗ គឺ ៖ ១. ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក។ ២. ការចូលរួមចំណែកក្នុងសប្បុរសធម៌ដ៏ធំទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ ៣. ការបើកឱកាសរវាងវិនិយោគិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា។ ៤. ការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស «ការចូលរួមចតឡានច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត»។
ដោយឡែក សម្រាប់សាធារណជនទូទៅដែលជាអ្នកគាំទ្ររថយន្តទំនើបៗគ្រប់ប្រភេទនៅកម្ពុជា និងបណ្តារប្រទេសនានាក៏អាចចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះបានផងដែរ។ ការចូលរួមរបស់លោកអ្នកជាចំណែកមួយក្នុងការជួយទៅកុមារកម្ពុជា និងការបង្កើតនូវប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា។ ហើយព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជានេះ នឹងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើដំណើរចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត នាថ្ងៃទី១៥ ខែកញ្ញា ស្នាក់នៅរាជធានីភ្នំពេញ១យប់ និងស្នាក់នៅខេត្តសៀមរាប១យប់ រួចត្រឡប់ទៅវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី១៧ ខែកញ្ញា។
ការជ្រើសរើសយកខេត្តសៀមរាបដើម្បីរៀបចំព្រឹត្តិការណ៍នេះ គឺជាចូលរួមជំរុញពីសក្តានុពលនៃវិស័យទេសចរណ៍ ក្នុងទឹកដីប្រវត្តិសាស្ត្រ នៃតំបន់សៀមរាបអង្គរទៅកាន់ពិភពលោកតាមរយៈការចូលរួមពីបុគ្គលល្បីៗមកពីជុំវិញពិភពលោក។ សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ នឹងអនុញ្ញាតឱ្យសាធារណជនចូលរួមទស្សនាកម្សាន្តសេរីហើយចំពោះថវិកាដែលបានមកពីព្រឹត្តិការណ៍នេះនឹងបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរផងដែរ៕
Post a Comment