សារព័ត៌មានមួយរបស់កាសែតជប៉ុន Nikkei Asia ៖ កេរ្តិ៍ឈ្មោះជាជម្រកនៃបទល្មើសឆបោក គឺជារនាំងលំហូរទេសចរចិនមកកម្ពុជា
កេរ្តិ៍ឈ្មោះកម្ពុជាក្នុងប្រទេសចិន បានរងការបំផ្លិចបំផ្លាញ ដោយមានការលើកឡើងថា កម្ពុជាគឺជាជម្រកលាក់ខ្លួន របស់ក្រុមឆបោកអនឡាញ និងដែលជាមួយគ្នានេះនាំឲ្យមានហានិភ័យនៃការធ្លាក់ចូលទៅក្នុងការឆបោកឲ្យធ្វើការដោយបង្ខំ។ នេះបើយោងតាមការលើកឡើងនៅក្នុងអត្ថបទព័ត៌មានមួយរបស់កាសែតជប៉ុនNikkei Asia នៅថ្ងៃទី៨ខែកញ្ញានេះ ដោយសង្កត់ធ្ងន់ថា បញ្ហានេះ បានប៉ះពាល់វិស័យទេសចរកម្ពុជា ខណៈដែលរដ្ឋាភិបាលកម្ពុជាខិតខំស្ដារវិស័យដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិមួយនេះ ដោយទាក់ទាញទេសចរចិនឡើងវិញ ក្រោយចិនបើកច្រកព្រំដែនរបស់ខ្លួនបន្ទាប់ពីវិបត្តិកូវីដកាលពីដើមឆ្នាំ២០២៣។ ជាមួយគ្នានេះ តាមNikkei Asia ទីតាំងប្រព្រឹត្តបទល្មើសឆបោកជាច្រើននៅក្នុងប្រទេសកម្ពុជានេះនៅតែត្រូវបានគេមើលឃើញថា បន្តដំណើរការ បើទោះបីជាអាជ្ញាធកម្ពុជា បានបើកបេសកម្មបង្ក្រាបអំពើឆបោកនេះកាលពីខែកញ្ញាឆ្នាំ២០២២ក្ដី ។
ភ្នាក់ងារទេសចរចិនក្នុងប្រទេសកម្ពុជា លោក Yang Ming បានថ្លែងប្រាប់កាសែតNikkei Asia ថា បន្ទាប់ពីចិនបានដកចោលគោលនយោបាយសូន្យកូវីដមក ស្ទើរតែគ្មានក្រុមអ្នកទេសចរចិន ឬភ្ញៀវទេសចរចិនសុទ្ធសាធមកលេងនោះទេ ក្រៅតែពីជាគណៈប្រតិភូឬភ្ញៀវដែលធ្វើដំណើរក្នុងគោលបំណងបេសកម្មការងារតែប៉ុណ្ណោះ។ លោកYang Ming យល់ថា កត្តាមួយដែលនាំឲ្យការរៀបចំដំណើរទេសចរនេះបានជួបផលលំបាក គឺដោយសារតែកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជានេះ។ តាមបទពិសោធន៍របស់ភ្នាក់ងារទេសចររូបនេះ កាលពីខែឧសភា គឺអ្នកដំណើរចិនដល់១០០នាក់ក្នុងចំណោម២៤០នាក់ បានសម្រេចមិនធ្វើដំណើរមកកម្ពុជាវិញ ក្រោយប៉ូលីសចិនបានប្រាប់ពួកគេថា ប្រទេសកម្ពុជាជាប្រទេសមិនសុវត្ថិភាពនោះឡើយ។
បញ្ហាប្រព្រឹត្តអំពើឆបោកអនឡាញក្នុងប្រទេសកម្ពុជានេះទៀតសោត ក៏ត្រូវបានគេសង្កេតឃើញថា ទទួលបានការចាប់អារម្មណ៍ពីសំណាក់អន្តរជាតិផងដែរ។ កាលពីខែមិថុនាកន្លងទៅនេះ អង្គការប៉ូលីសឧក្រិដ្ឋកម្មអន្តរជាតិ អាំងទែប៉ូល (Interpol) បានព្រមានថា ទីតាំងប្រព្រឹត្តអំពើឆបោកទ្រង់ទ្រាយធំ ដែលបានរីកដាលពីប្រទេសកម្ពុជា ទៅប្រទេសឡាវ និងភូមានេះ គឺជាការគំរាមកំហែងសកលមួយ។ របាយការណ៍មួយរបស់អង្គការសហប្រជាជាតិ ក៏បានប៉ាន់ប្រមាណថា មានមនុស្សប្រមាណ១០ម៉ឺននាក់ ត្រូវបានឆបោកចូលក្នុងប្រទេសកម្ពុជាផងដែរ។
ជាងនេះទៅទៀត យុទ្ធនាការផ្សព្វផ្សាយពីបញ្ហាឆបោកតាមប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាលចិនធំមួយ គឺធ្វើឡើងតាមរយៈ ភាពយន្តមួយដែលមានចំណងជើងថា «No More Bets» ដែលបានរៀបរាប់ពីរឿងរ៉ាវរបស់អ្នកសរសេរកម្មវិធី និងតារាម៉ូដែល ដែលត្រូវបានគេបោកបញ្ឆោត ចូលមកក្នុងទីតាំងឆបោកមួយកន្លែង ក្នុងតំបន់អាស៊ីអាគ្នេយ៍។ បើទៅបីជាមិនបញ្ជាក់ថាច្បាស់ថាជាប្រទេសណាក្ដី ក៏ប៉ុន្តែ ឈុតមួយក្នុងភាពយន្តនេះ បានបង្ហាញពីតួអង្គម្នាក់មានពាក់អាវយឺតមួយ ដែលមានអក្សរខ្មែរ។
សូមបញ្ជាក់ថាយោងតាមក្រសួងទេសចរណ៍កម្ពុជា មុនវិបត្តិកូវីដ១៩ កម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួន២.៣៦លាននាក់ក្នុងឆ្នាំ២០១៩ ដែលបង្កើតប្រាក់ចំណូលបានប្រហែល ១.៨ពាន់លានដុល្លារ ខណៈដែលការវិនិយោគរបស់ចិនក្នុងវិស័យដែលទាក់ទងនឹងទេសចរណ៍តំណាងឱ្យជាង ៥០ ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបរបស់កម្ពុជា។ចំណែកអំឡុងកូវីដ១៩ ក្នុងឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរចិនតែប្រមាណ៤ម៉ឺន៥ពាន់នាក់ប៉ុណ្ណោះ ក៏ប៉ុន្តែបានកើនដល់ប្រមាណ១០ម៉ឺននាក់វិញ ក្នុងឆ្នាំ២០២២។ ដោយឡែកនៅដើមឆ្នាំ២០២៣នេះ កម្ពុជាបានដាក់គោលដៅទាក់ទាញភ្ញៀវទេសចរចិន ឲ្យបានចំនួន១លាននាក់ ខណៈមានភ្ញៀវទេសចរចិនសរុបប្រមាណជិត២សែន៧ម៉ឺននាក់ បានធ្វើដំណើរមកប្រទេសកម្ពុជា ក្នុងឆមាសទី១កន្លងទៅនេះ៕ rfi

Post a Comment