សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងតបតាមការអញ្ជើញរបស់ប្រធានាធិបតី ម៉ាក្រុង
ភ្នំពេញ៖ តាមរយៈបណ្តាញតេឡេក្រាមរបស់នាយករដ្ឋមន្រ្តីកម្ពុជានៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថានឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងចាប់ពីថ្ងៃ១៨-១៩ ខែមករា ខាងមុខនេះ តបតាមការអញ្ជើញរបស់ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង។
ការយល់ព្រមរបស់សម្តេច ហ៊ុន ម៉ាណែត នេះបន្ទាប់ពីប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានផ្ញើសារកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដោយអញ្ជើញសម្តេច ហ៊ុន ម៉ាណែត មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងជាផ្លូវការ។
សម្រាប់ប្រធានាធិបតីបារាំង ចាត់ទុកវត្តមានរបស់សម្តេច ហ៊ុន ម៉ាណែត ដែលនឹងជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរ ពិសេសវិស័យសំខាន់ៗជាច្រើនតួយ៉ាង វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី កាន់តែដំណើរការទៅមុខយ៉ាងល្អប្រសើរ។
លិខិតរបស់លោក ម៉ាក្រុង ប្រធានាធិបតីបារាំងបន្ថែមទៀតថា លោកប្រាថ្នាចង់ឱ្យទស្សនកិច្ចនេះបើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ដែលកំពុងប្រឈមមុខ ជាអាទិ៍ ក្នុងវិស័យអន្តរកាលថាមពល។
ជាងនេះលោក ម៉ាក្រុង រំពឹងថាទស្សនកិច្ចនេះ នឹងអនុញ្ញាតឱ្យប្រទេសទាំងពីរពិនិត្យមើលមធ្យោបាយនានាដែលអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្តារដ្ឋទាំងអស់៕
Post a Comment